(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកមួយក្រុមមកពីគណបក្សសាធារណរដ្ឋ បានស្នើឱ្យមានការបើកការស៊ើបអង្កេតមួយលើអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា សម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៃបណ្ដាប្រទេសដទៃ តាមរយៈការផ្ដល់ហិរញ្ញវត្ថុដល់គណបក្សនយោបាយ ដែលអាមេរិកគាំទ្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
ក្រុមសមាជិកសភាទំាងនេះបានផ្ញើលិខិតមួយ ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដោយជំរុញឱ្យលោកបើកការស៊ើបអង្កេត ដើម្បីពិនិត្យលើការប៉ុនប៉ងនៃអតីតរដ្ឋបាលលោក អូបាម៉ា ពាក់ព័ន្ធនឹងការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅបណ្ដាប្រទេសមួយ ចំនួនក្នុងតំបន់អឺរ៉ុប អាហ្រ្វិក ឬតំបន់អាមេរិកឡាទីន។ ជាងនេះទៅទៀតលិខិតដដែល ក៏បានបញ្ជាក់ដែរថា ការប៉ុនប៉ងទំាងនេះរួមមានទំាងការផ្ដល់ហិរញ្ញវត្ថុ ឱ្យទៅក្រុមអ្នកនយោបាយឆ្វេងនិយមតាមរយៈក្រសួងការបរទេសអាមេរិក និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ឬក៏តាមរយៈក្រុមហ៊ុនរបស់មហាសេដ្ឋីលោក ចច សូរ៉ូស (George Soros)។
គួរបញ្ជាក់ថាក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋ ក៏បានស្នើសុំផងដែរថា ការស៊ើបអង្កេតគួរតែត្រូវបានធ្វើឡើងឱ្យកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ថាតើថវិកាចូលរួមចំណែករបស់សហរដ្ឋអាមេរិក ត្រូវបានចំណាយយ៉ាងដូចម្ដេច? និងពិនិត្យឡើងរាល់កម្មវិធីនៃទីភ្នាក់ងារអាមេរិកទំាងអស់។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេពុំទាន់បង្ហាញភស្ដុតាងជាក់លាក់ណាមួយនោះទេ ចំពោះការចោទប្រកាន់លើលោក អូបាម៉ា៕