(ហាណូយ)៖ ក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសវៀតណាម បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម និងកម្សាន្ត YouTube ស្របពេលដែលរដ្ឋាភិបាលប្រទេសកុម្មុយនិស្តមួយនេះ បានចេញយុទ្ធនាការទ្រង់ទ្រាយធំ សំដៅបង្រ្កាបការបង្ហាញភាពជំទាស់មិនពេញចិត្តតាមប្រព័ន្ធអនឡាញ ដែលវាក៏បានដាក់គោលដៅទៅលើ ក្រុមហ៊ុនលំដាប់ពិភពលោកផ្សេងៗទៀតដូចជា Unilever និង Samsung ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧នេះមក វៀតណាមបានចាប់ផ្តើមអនុវត្តន៍យុទ្ធសាស្រ្តថ្មីខាងលើ ដែលសំដៅដាក់សម្ពាធទៅលើបណ្តាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងក្រុមហ៊ុនអន្តរជាតិមួយចំនួនទៀតដូចជា YouTube និង Google ដើម្បីជំរុញក្រុមហ៊ុនទាំងអស់នេះ ឲ្យព្យាយាមលុបចោលនូវខ្លឹមសារក៏ដូចជាអត្ថន័យទាំងឡាយណា ដែលរដ្ឋាភិបាលវៀតណាមយល់ឃើញថា មានភាពមិនសមរម្យដែលប៉ះពាល់ដល់បរិយាកាសសង្គមរបស់វៀតណាម។
គួរបញ្ជាក់ថា ក្រុមហ៊ុនក្នុងស្រុកដែលទាក់ទងនឹងបញ្ហានេះរួមមានទាំង Vinamilk និង Vietnam Airlines ខណៈក្រុមហ៊ុនអន្តរជាតិមានដូចជា Procter & Gamble, Unilever, Samsung, និង Yamaha Motor ដោយសារតែមានការផ្សព្វផ្សាយពាណិជ្ជកម្ម ជាប់ពាក់ព័ន្ធទៅនឹងវីដេអូដែលមិនសមរម្យ៕