(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធនេះថាការ Hack ទ្រង់ទ្រាយធំមួយបានកើតឡើងពិតមែន ដែលវាបានធ្វើឲ្យគណនីរបស់បុគ្គលល្បីៗមួយចំនួននៃបណ្តាញសង្គមនេះ ទទួលរងការវាយលុកពីសំណាក់ក្រុមអ្នកគាំទ្រតួកគីជាមួយសារជាអក្សរសរសេរថា ថ្កោលទោស «ពួកណាហ្ស៊ីសអាល្លឺម៉ង់ (អាល្លឺម៉ង់សម័យមេដឹកនាំផ្តាច់ការហ៊ីលត្លែរ)» និង «ណាហ្ស៊ីហូឡង់»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង AFP នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Twitter បានថ្លែងដូច្នេះថា «ពួកយើងដឹងច្បាស់អំពីបញ្ហាមួយ ដែលកំពុងបង្កផលប៉ះពាល់ដល់ម្ចាស់គណនីមួយចំនួននៅព្រឹកថ្ងៃពុធនេះ (ពេលវេលានៅសហរដ្ឋអាមេរិក)» ហើយអ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រភពនៃការវាយលុកតាមប្រព័ន្ធអ៊ីនធើណែតនេះ ត្រូវបានតាមដានថាចេញមកពីកម្មវិធីនៃភាគីទីបី ដែលមានសិទ្ធិអនុញ្ញាតត្រូវបានលុបចោលរួចរាល់អស់ហើយ។
គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋមន្រ្តីការបរទេសតួកគីលោក Mevlut Cavusoglu មានបំណងធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលតួកគីប្រចំានៅទីក្រុង Rotterdam ដើម្បីថ្លែងសុន្ទរកថាក៏ដូចជាចូលរួមក្នុងយុទ្ធនាការស្វែងរកការគាំទ្រជាមួយក្រុមអ្នកគាំទ្រប្រធានាធិបតីតួកគីលោក Tayyip Erdogan ពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិស្ដីពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៅខែមេសាដែលនឹងពង្រីកកាន់តែធំនៃអំណាច លោក Erdogan។ ក៏ប៉ុន្តែ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានបញ្ជាឲ្យរារាំងយន្តហោះដឹករដ្ឋមន្ត្រីការបរទេសតួកគីមិនឲ្យធ្វើការចុះចតបានឡើយ ដោយបានលើកយកហេតុផលថាដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី នឹងបង្កជាការគំរាមកំហែងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណរបស់ ហូឡង់ ហើយភ្លាមៗនោះលោក Erdogan ក៏បានដៀលហូឡង់ថាជាពួកផ្តាច់ការដ៏សាហាវផងដែរ៕