(គូឡាឡាំពួ)៖ បុរសម្នាក់ឈ្មោះ គីម ចុល ដែលត្រូវគេធ្វើឃាតនៅម៉ាឡេស៊ីនោះ ត្រូវបានអាជ្ញាធបញ្ជាក់អត្តសញ្ញាណហើយថា ជនរងគ្រោះពិតជាលោក គីម ជុងណាំ បងប្រុសម្ដាយ ទីទៃរបស់មេនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រាកដមែនដោយផ្អែកលើ DNA កូនប្រុសរបស់លោក ដែលគេជឿជាក់ថាកំពុងរស់នៅកន្លែងសម្ងាត់មួយក្នុងទីក្រុងម៉ាកាវ ប្រទេសចិន។ នេះបើតាមសម្តីឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៧។
យោងតាមប៉ូលិសម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានឃាតករស្រី ០២នាក់បំពុលស្លាប់នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយប្រើប្រាស់សារធាតុគីមពុល VX។ ក៏ប៉ុន្តែដោយសារតែបុរសម្នាក់នោះ កាន់លិខិតឆ្លងដែនឈ្មោះ គីម ចុល ទើបរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់ទទួលស្គាល់ថារូបគេ គឺជាលោក គីម ជុងណាំ ខណៈរហូតមកទល់នឹងពេលនេះ ក៏ពុំទាន់មានគ្រួសារសាច់ញាតិរបស់លោកមកទទួលត្រឡប់ទៅវិញដែរ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi ថ្លែងប្រាប់អ្នកសារព័ត៌មាននានានៅថ្ងៃពុធនេះ យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀត ថាបុរសម្នាក់នោះ គឺពិតជាលោក គីម ជុងណាំ... ហើយការបញ្ជាក់នេះធ្វើឡើងដោយផ្អែកលើ DNA កូនប្រុសរបស់លោក»។ ជុំវិញព័ត៌មានថ្មីចុងក្រោយនេះ មិនទាន់មានប្រតិកម្ម ឬការបកស្រាយណាមួយពីកូរ៉េខាងជើងនោះឡើយ ខណៈសង្គ្រាមការទូតរវាងប្រទេសទាំងពីរហាក់មានភាពស្ងប់ស្ងាត់បន្តិចហើយ៕