(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានឱ្យដឹងថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាគ្នានៅឡើយពាក់ព័ន្ធនឹងការរៀបចំជំនួបទល់មុខគ្នា រវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកនំាគ្នាចុះផ្សាយយ៉ាងព្រោងព្រាតថា មេដឹកនាំទំាងពីរគ្រោងនឹងជួបគ្នាក្នុងរដ្ឋផ្លូរីដានៅខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់លោក Li Keqiang ធ្វើឡើងនៅក្នុងសនិ្នសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសភាប្រចាំឆ្នាំនៅថ្ងៃពុធនេះ។ លោក Li បាន បញ្ជាក់ដូច្នេះថា «ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន មានសារៈសំខាន់មិនត្រឹមតែសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់សន្តិសុខស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ព្រមទាំងពិភពលោកផងដែរ។ ដូច្នេះយើងត្រូវតែធ្វើការងារជាមួយគ្នា ដើម្បីបន្តនិន្នាការនេះក្នុងការការពារផលប្រយោជន៍យុទ្ធសាស្រ្តរួម ក៏ដូចជាអង្គុយជជែកគ្នាដោះស្រាយបញ្ហា បើទោះជាភាគីទំាងពីរកំពុងខ្វែងគំនិតគ្នា លើប្រធានបទជាច្រើនក៏ដោយ»។
គួរបញ្ជាក់ថាបើតាមលោក Li Keqiang បញ្ហាខ្វែងគំនិតគ្នារវាងចិន និងសហរដ្ឋអាមេរិកមិនអាចត្រូវបានដោះស្រាយក្នុងរយៈពេលដ៏ខ្លីនោះទេ តែភាគីទំាងពីរអាចពង្រីកកិច្ចពិភាក្សាអំពីផលប្រយោជន៍រួមរបស់ពួកគេបាន៕