(ប៉េកាំង)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបានបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំដ៏សំខាន់មួយ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងនៅតែបន្តមានតួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ការរីកចំរើនរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោក Li Keqiang ដោយសារតែចំនួន GDP របស់ចិនមានកើនលើសពី ៧៤ពាន់ពាន់លានយ័ន ឬប្រហែល ១១ពាន់ពាន់លានដុល្លារ កំណើនសេដ្ឋកិច្ច ៦.៥ភាគរយនៅក្នុងឆ្នាំ២០១៧នេះ ពុំមែនមានន័យថា ការចូលរួមចំណែករបស់ប្រទេសចិនទៅដល់ពិភពលោកនឹងធ្លាក់ចុះឡើយ។ លោក Li បាននិយាយថា គោលដៅកំណើនសេដ្ឋកិច្ចទាប នឹងអនុញ្ញាតឲ្យចិនកាន់តែខិតខំប្រឹងប្រែងបន្ថែមក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការសេដ្ឋកិច្ច ហើយកំណើនសេដ្ឋកិច្ចប្រមាណ ៦.៥ភាគរយមិនមែនជាកំណើនយឺតនោះឡើយ និងមិនងាយសម្រេចបានទេ។
គួរបញ្ជាក់នាឱកាសនោះទៀត លោក Li ក៏បានលើកឡើងច្បាស់ៗដែរថា ចិនមិនចង់ឃើញឃើញសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើងជាមួយសហរដ្ឋអាមេរិកនោះទេ ព្រោះថាមិនត្រឹមធ្វើឲ្យប្រទេសទាំងពីរខាតបង់នោះឡើយ តែថែមទាំងអាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលទៀតផង៕