(សេអ៊ូល)៖ កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី០៩ ខែឧសភាខាងមុខនេះ ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី និងសម្រាប់ជំនួសតំណែងលោកស្រី ផាក គឺនហេ ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងជាផ្លូវការ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែរឿងអាស្រូវពុករលួយនយោបាយជាមួយមិត្តភក្តិរាប់ទសវត្សរ៍ឈ្មោះ ឆយ ស៊ូនស៊ីល។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក វ៉ាង ក្យូអាន់ (Hwang Kyo-ahn) ដែលកំពុងកាន់តួនាទីបន្ថែមជាប្រធានាធិបតីស្ដីទីនោះ នៅព្រឹកថ្ងៃពុធនេះ បាននិយាយថា លោកមិនមានបំណងចូលរួមនៅក្នុងការបោះឆ្នោតនេះទេ បើទោះបីជាប្រជាប្រិយភាព របស់លោកហាក់ដូចជាហក់ឡើងខ្ពស់ នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីបែបអភិរក្សនិយមក៏ដោយ។ ទោះបីជាយ៉ាងណាបើតាមការស្ទង់មតិជាច្រើន បន្ទាប់ពីអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន សម្រេចចិត្តដូចលោក វ៉ាង គេកំពុងសម្លឹងឃើញកាន់តែច្បាស់ថា អតីតប្រធានគណបក្ស Minjoo លោក មូន ជេអ៊ីន (Moon Jae-in) អាចនឹងជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងពីព្រោះតែប្រជាប្រិយភាពរបស់លោក មានការកើនឡើងជាលំដាប់។
គួរបញ្ជាក់ថាអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានក្រុមរដ្ឋអាជ្ញាកោះហៅឱ្យមកបំភ្លឺក្នុងនាមជាជនសង្ស័យពាក់ព័ន្ធនឹងសំណុំ រឿងពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនាខាងមុននេះ ហើយដែលប្រភពជិតស្និទ្ធនឹងលោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង៕