(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានថ្លែងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនចង់ឃើញសង្គ្រាមផ្នែកពាណិជ្ជកម្មផ្ទុះឡើង រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ១ និងមហាអំណាចពិភពលោកលេខ២នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រោយការបិទបញ្ចប់ សម័យប្រជុំប្រចាំឆ្នាំនៃសភាជាតិចិនលោក Li បានថ្លែងថា សង្រ្គាមពាណិជ្ជកម្មនឹងមិនអាចជួយអ្វីបាន ដើម្បីឲ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន ក៏ដូចជាសហរដ្ឋអាមេរិក មានភាពប្រសើរឡើង ឬក៏សុក្រឹត្យជាងនេះទៀតនោះឡើយ។ លោក Li Keqiang បានលើកឡើងទៀតថា បើសិនជាមានសង្រ្គាមពាណិជ្ជកម្មមែននោះ អ្នកដែលរងគ្រោះធ្ងន់ធ្ងរដំបូងគេគឺក្រុមហ៊ុនដែលមានការបណ្តាក់ទុនពីក្រៅប្រទេស ជាពិសេសគឺក្រុមហ៊ុនអាមេរិកតែម្តង។
ជាចុងក្រោយលោកនាយករដ្ឋមន្រ្តីចិនបានបង្ហាញក្តីសង្ឃឹមដូច្នេះថា «ទោះបីជាទំនាក់ទំនងចិន-អាមេរិកបានឆ្លងកាត់ព្យុះភ្លៀងយ៉ាងណាក្តី យើងនៅតែសង្ឃឹមថា ចំណងទាក់ទងនេះនឹងនៅតែបន្តឆ្ពោះទៅរកគោលដៅវិជ្ជមាននាពេលអនាគត» ។ លោក Li បានគូសបញ្ជាក់ថា ប្រជាជននៃប្រទេសទាំងពីរមានប្រាជ្ញាស្មារតីច្បាស់លាស់ ដើម្បីគ្រប់គ្រងភាពខុសគ្នារបស់ពួកគេ ហើយនាពេលបច្ចុប្បន្នក៏មានតម្រូវការក៏ដូចជាកាលៈទេសៈជាច្រើន ទាមទារឲ្យពួកយើងបន្តធ្វើការបង្កើនផលប្រយោជន៍រួមគ្នាផងដែរ៕