(បាងកក)៖ ដើម្បីជាអំណោយអបអរថ្ងៃបុណ្យចូលឆ្នំាថ្មី ឬបុណ្យសង្រ្កាន រដ្ឋាភិបាលថៃនៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចចិត្តផ្ដល់សេវាកម្មឥតគិតថ្លៃលើការ ធ្វើដំណើររបស់អ្នកបើកបរយានយន្ដគ្រប់ប្រភេទលើផ្លូវល្បឿនលឿន ព្រមទំាងបានលុបចោលទៀតផងនូវការយកប្រាក់សម្រាប់ការធ្វើដំណើរ ទៅលើកម្មករមកពីបណ្ដាប្រទេសជិតខាង។ នេះបើតាមការដកស្រង់ព័ត៌មានពីវែបសាយ Bangkok Post នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
យោងតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Arkhom Termpittayapaisith រដ្ឋាភិបាលថៃ បានបង្គាប់ឱ្យនាយកដ្ឋានផ្លូវ Highways លុបចោលការយកថ្លៃធ្វើដំណើរពីទីក្រុងបាងកក ទៅកាន់ខេត្តប៉ាត់តាយ៉ាហើយនឹងផ្លូវតភ្ជាប់រវាង Bang Pa ទៅកាន់ Bang Phli ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែមេសា។ លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា អាជ្ញាធរថៃទទួលបន្ទុកផ្លូវល្បឿនលឿន ក៏មានគំរោងលុបចោលការយកថ្លៃសម្រាប់ផ្លូវធ្វើដំណើរពី Bang Na ទៅកាន់ខេត្ត Chon Buri ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី។
គួរបញ្ជាក់ថារដ្ឋាភិបាលថៃ ក៏បានបង្គាប់ផងដែរឱ្យអាជ្ញាធររបស់ខ្លួន លើកលែងការយកថ្លៃសេវាធ្វើដំណើរ ដើម្បីអនុញ្ញាតឱ្យពលករ ឬកម្មករចំណាកស្រុកមកពី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រឡប់ទៅស្រុកកំណើតដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ហើយការលុបចោលការយកថ្លៃធ្វើដំណើរនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ៕