(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារអវកាស NASA នឹងជួបជាមួយអ្នកតំណាងមកពីវិទ្យាស្ថានស្រាវជ្រាវទីអវកាស (IKI) នៃបណ្ឌិតសភាវិទ្យាសាស្រ្តរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីបន្តធ្វើការជជែកពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើបេសកកម្មមានឈ្មោះថា Venera-D ទៅកាន់ភពសុក្ររបស់វិទ្យាស្ថាន IKI។ នេះបើតាមសេចក្តីប្រកាសរបស់មន្រ្តីអង្គការ NASA កាលពីសប្តាហ៍មុន ដែលត្រូវបានដកស្រង់ដោយគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
ដោយឡែកនៅក្នុងបណ្តាបេសកកម្ម Venera ដែលត្រូវបានអភិវឌ្ឍន៍ឡើងកាលពីចន្លោះឆ្នាំ១៩៦១ និងឆ្នាំ១៩៨៣ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចំនួន១៦គ្រឿងដើម្បីប្រមូលទិន្នន័យពីភពសុក្រ ដោយរួមបញ្ចូលទាំងយានអវកាសតែមួយគត់ ដែលបានចុះចតដោយជោគជ័យ នៅលើផ្ទៃដីនៃភពដ៏សែនក្តៅនេះផងដែរ។ យ៉ាងណាមិញបេសកកម្ម Venera-D របស់វិទ្យាស្ថានស្រាវជ្រាវ IKI ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅពេលណាមួយក្នុងចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៩ ហើយបេសកកម្មនេះនឹងមានទាំងយានអវកាសសម្រាប់ហោះជុំវិញ ក៏ដូចជាយានសម្រាប់ចុះចត ហើយប្រហែលជាអាចមានទាំងយន្តហោះអវកាសដើរ ដោយថាមពលព្រះអាទិត្យមួយទៀតផងដែរ ដែលនឹងហោះឆ្លងតាត់បរិយាកាសស្រទាប់ខាងលើនៃភពសុក្រ។
លោក Adriana Ocampo ប្រធានក្រុមការងារចម្រុះដែលកំពុងធ្វើការទៅលើរបាយការណ៍ ស្តីពីសារៈសំខាន់នៃភពជាដៃគូរវាងទីភ្នាក់ងារអវកាសអាមេរិក និងរុស្ស៊ីបានថ្លែងថា «កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះនឹងបង្កើតចេញនូវភាពជាដ៏គូដ៏វិសេសវិសាលមួយ ដែលអាចទទួលបានសមិទ្ធផលវិទ្យាសាស្រ្តប្រកបដោយភាពប្រសើរទាំងស្រុងពីបេសកកម្ម Venera-D និងបន្តការរុករកស្រាវជ្រាវ នៃភពដ៏សំខាន់មួយនេះនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង»។
គួរបញ្ជាក់ថា ភពផែនដី និងភពសុក្រមានលក្ខណៈស្រដៀងគ្នាជាច្រើន រួមមានទំហំ សមាសធាតុផ្សំ និងរយៈចម្ងាយធៀបនឹងព្រះអាទិត្យរបស់ភពទាំងពីរជាដើម ក៏ប៉ុន្តែបរិយាកាសនៃភពសុក្របានទទួលរងឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចប់ដ៏ច្រើនលើសលប់ ដែលបង្កឲ្យសីតុណ្ហភាពនៅផ្ទៃស្រទាប់ខាងលើនៃភពមួយនេះក្តៅខ្លាំង រហូតអាចរំលាយសំណបានយ៉ាងងាយ ហើយម៉្យាងវិញទៀតភពសុក្រមានកម្តៅក្តៅជាងភពពុធទៅទៀត ទោះបីជាភពពុធស្ថិតនៅក្បែរព្រះអាទិត្យជាងវាក៏ដោយ៕