(តៃប៉ិ)៖ របាយការណ៍នៃក្រសួងការពារជាតិកោះតៃវ៉ាន់ បានបង្ហាញចេញនៅព្រឹកថ្ងៃពុធនេះថា ប្រទេសចិនកំពុងតែបង្កើនសកម្មភាពយោធាតាមរយៈការបញ្ជូននាវា និងយន្តហោះចម្បាំងកាន់តែច្រើនមកព័ទ្ធជុំវិញកោះដែលគ្រប់គ្រងរដ្ឋបាលទាំងស្រុងដោយខ្លួនឯងនេះ។ នេះបើតាមការផ្សាយរបស់ Channel News Asia ដកស្រង់ព័ត៌មានចេញផ្សាយផ្តាច់មុខដោយ Reuters នាព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
របាយការណ៍ការពារជាតិបឋមនៅដើមឆ្នាំ២០១៧ របស់កោះតៃវ៉ាន់ក៏បានលើកឡើងផងដែរ ចំពោះភាពមិនទាន់ច្បាស់លាស់ របស់គោលនយោបាយជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់ ប៉ុន្តែអ្វីដែលបានកើតមានឡើងរួចមកហើយនោះ គឺសហរដ្ឋអាមេរិកបានសម្រេចបង្កើនឥទ្ធិពលយោធាបន្ថែមឲ្យប្រទេសជប៉ុនដើម្បីទប់ទល់នឹងប្រទេសចិន ខណៈបញ្ហាជម្លោះសមុទ្រចិនខាងត្បូងក៏អាមេរិកនៅតែបន្តយកចិត្តទុកដាក់ខ្លាំងដូចកាលពីអាណត្តិមុនផងដែរ។
គួរបញ្ជាក់ថារបាយការណ៍របស់ក្រសួងការពារកោះតៃវ៉ាន់ខាងលើនេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាធ្វើការពិភាក្សាស្វែងយល់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សារៈសំខាន់គោលៗនៅក្នុងរបាយការណ៍ថ្មីនេះបានបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពថ្មីៗនេះរបស់យន្តហោះចម្បាំងចិន និងនាវាជាច្រើនគ្រឿងជុំវិញកោះតៃវ៉ាន់បានបង្ហាញពីការគំរាមកំហែងដោយយោធា កាន់តែខ្លាំងឡើងពីសំណាក់ទីក្រុងប៉េកាំង»។
កោះតៃវ៉ាន់ក៏បានសង្កត់ធ្ងន់ទៀតថា ការគំរាមកំហែងមកលើកោះនេះ វាក៏ប្រៀបបានទៅនឹងការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ទាំងមូលផងដែរ។ ប្រទេសចិនបានចាប់ផ្តើមប្រើប្រាស់កម្លាំងយោធាចល័តនៅតំបន់ជុំវិញកោះតៃវ៉ាន់ (ដែលតាមច្បាប់អន្តរជាតិ គ្រាន់តែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ) បន្ទាប់ពីលោកស្រី ត្សៃ ប្រធានាធិបតីបានបង្ហាញភាពស្និទ្ធស្នាលនឹងលោក ដូណាល់ ត្រាំ មិនធ្លាប់មានកាលពីលោក ត្រាំ រៀបចំឡើងស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកដំបូងៗនោះ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា សកម្មភាពចល័តយន្តហោះ និងនាវារបស់ខ្លួនជារឿងធម្មតា ដើម្បីការពារសន្តិសុខក្នុងតំបន់ប៉ុណ្ណោះ៕