(សេអ៊ូល)៖ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson បានធ្វើដំណើរទៅដល់កំពុងផែទីក្រុងប៊ូសាន ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងហើយនៅថ្ងៃពុធនេះ ដើម្បីត្រៀមចូលរួមក្នុងសមយុទ្ធយោធាបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង ជាទ្រង់ទ្រាយធំប្រចាំឆ្នំារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន បើទោះបីជាទីក្រុងព្យុងយ៉ាងព្រមានធ្វើការវាយប្រហារសងសឹកឥតសម្ចៃនោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រភពពីយោធាកូរ៉េខាងត្បូង ក្នុងរយៈពេល៣០នាទី យន្ដហោះចម្បាំងជាច្រើន បានហោះហើរចាកចេញ និងចុះចតលើនាវា USS Carl Vinson ហើយដែលនេះគឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពហោះហើរ ការធ្វើសញ្ញាដោយដៃ និងការផ្ដល់ជំនួយដល់ពីឡុត ដើម្បីបង្ហាញពីប្រតិបត្តិការហោះហើរនៃយន្ដហោះចម្បាំង F/A-18 Super Hornet និងយន្ដហោះប្រកាសសញ្ញាអាសន្ន E-2 Hawk Eye។ បន្ថែមពីលើនេះនៅថ្ងៃពុធនេះដែរ ថ្នាក់ដឹកនាំយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏បានអះអាងឡើងវិញផងដែរ ពីការប្ដេជ្ញាចិត្តពង្រឹងសម្ព័ន្ធភាព និងសមត្ថភាពការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
គួរបញ្ជាក់ថាសមយុទ្ធយោធាប្រចាំឆ្នាំ Foal Eagle ត្រូវបានធ្វើឡើងនៅចំពេលដែលឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅកាន់តែខ្លាំង ក្រោយពេលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល០៤គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុន និងការដំណើរការនីតិវិធីដំឡើងប្រព័ន្ធ THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ សមយុទ្ធយោធា Foal Eagle នឹងត្រូវបញ្ចប់នៅដំណាច់ខែមេសា ខាងមុខនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថាតើកូរ៉េខាងជើង នឹងប្រើវិធានការណ៍អ្វីចំពោះសមយុទ្ធប្រចាំឆ្នាំដ៏ធំនោះ៕