(វ៉ាស៊ីនតោន)៖ អតីតរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា មិនសូវជាបានឆ្លើយតបទៅនឹងសំណើជាសាធារណនោះទេ ពាក់ព័ន្ធនឹងរបាយការណ៍រដ្ឋាភិបាល អាមេរិកនៅអំឡុងឆ្នាំចុងក្រោយនៃអាណត្តិជាប្រធានាធិបតីអាមេរិករបស់លោក ដោយថែមទាំងបានចំណាយប្រាក់ ៣៦.២លានដុល្លារដើម្បីរក្សាឯកសារសម្ងាត់ទៀតផង។ នេះបើតាមរបាយការណ៍តម្លាភាពថ្មីមួយនៃ Sunshine Week ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរកាលពីថ្ងៃអង្គារទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា នៅអំឡុងពេលនៃការចាប់ផ្ដើមអាណត្តិដំបូងជាប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានដាក់ការកំណត់លើកំណត់ត្រាណាខ្លះដែលត្រូវទទួលការ បដិសេធ ពន្យាពេល ឬក៏បង្កជាឧបសគ្គសម្រាប់អ្នកស្នើសុំឯកសារពីរដ្ឋាភិបាលដែលធ្វើឡើងដោយផ្អែកលើច្បាប់សេរីភាពព័ត៌មាន (FOIA) ជាដើម។
គួរបញ្ជាក់ថាបើតាម AP ក្រសួងយុត្តិធម៌អាមេរិក បានចាយប្រាក់ ១២លានដុល្លារ ដើម្បីរក្សាឯកសារសម្ងាត់ពីសាធារណៈ ខណៈក្រសួងសន្តិសុខមាតុភូមិចំណាយថវិកាអស់ ៦.៣លានដុល្លារ និងក្រសួងការពារជាតិ ៤.៨លានដុល្លារ នៅក្នុងបរិបទដែលក្រសួងទាំងបីនេះ បានទទួលសំណើនៃ FOIA ច្រើនជាងពាក់កណ្ដាលកាលពីឆ្នាំ២០១៦។ ការព្យាយាមលាក់ឯកសារសម្ងាត់នេះ គឺជារឿងធម្មតាទៅហើយសម្រាប់អាណត្តិប្រធានាធិបតីអាមេរិកនីមួយៗ ប៉ុន្តែការរឹតបន្តឹងក៏ត្រូវបានគេមើលឃើញថា កាន់តែកើនឡើងផងដែរ ជាពិសេសចំពោះសារព័ត៌មានមួយចំនួននៅអាមេរិក៕