(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង់ពន្ធជូនរដ្ឋចំនួន ៣៨លានដុល្លារលើប្រាក់ចំណូលដែលរូបលោករកបានចំនួនជាង ១៥០លានដុល្លារកាលពីឆ្នាំ២០០៥ ខណៈវាគឺជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍ MSNBC ដែលបានចុះផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយនេះទទួលបានក្រដាសចំនួនពីរទំព័រស្តីពីការបង់ពន្ធរបស់លោក ត្រាំ និងដើម្បីបង្ហាញអតីតភាពស្របច្បាប់របស់លោកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
ពិធីការិនីរបស់ស្ថានីយ៍ទូរទស្សន៍ MSNBC លោកស្រី Rachel Maddow បាននិយាយថា លោកស្រីបានទទួលឯកសារខាងលើពីអ្នកសារព័ត៌មានម្នាក់ឈ្មោះថា David Cay Johnston ដែលបានធ្វើការអះអាងនៅក្នុងកម្មវិធីរបស់លោកស្រីថា រូបលោកទទួលបានពួកវាតាមរយៈសារអ៊ីម៉ែល។ វិក័យប័ត្របង់ពន្ធដែល MSNBC បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនបានបង្ហាញថា លោក ដូណាល់ ត្រាំ បានបង់ពន្ធក្នុងអត្រា២៥ភាគរយដែលជាកម្រិតដ៏សាកសម ហើយជុំវិញបញ្ហានេះសេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា លោក ត្រាំ ក្នុងនាមជាថ្នាក់ដឹកនាំមុខជំនួញដ៏ធំមហាសាល Trump Organization មានកាតព្វកិច្ចបង់ពន្ធមិនលើសពីអ្វីដែលច្បាប់កំណត់នោះឡើយ។
គួរបញ្ជាក់ដែរថា កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនធ្វើការបញ្ចេញវិក័យប័ត្របង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋរបស់លោកឡើយ។ ម៉្យាងវិញទៀតក៏ធ្លាប់មានព័ត៌មានចុះផ្សាយដែរថាលោក ដូណាល់ ត្រាំ បានចេញរបាយការណ៍ពីការខាត់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីឆ្នាំ១៩៩៥ ដែលទំនងជាបានអនុញ្ញាតឲ្យលោក ត្រាំ រួចផុតពីការបង់ពន្ធអស់រយៈពេលដល់ទៅ១៨ឆ្នាំ៕