(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានសម្រេចចិត្តកោះហៅអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ឱ្យមកបំភ្លឺក្នុង នាមជាជនសង្ស័យពាក់ព័ន្ធនឹងសំណុំរឿងពុករលួយនយោបាយជាមួយមិត្តភក្តិរាប់ទសវត្សរ៍ គឺលោកស្រី ឆយ ស៊ូនស៊ីល ដែលជាមូលហតុធ្វើឱ្យលោកស្រី ត្រូវគេទម្លាក់ចេញពីតំណែងជាផ្លូវការ កាលពីសប្ដាហ៍មុន ហើយប្រភពជិតស្និទ្ធនឹងលោកស្រី ផាក ក៏បានបង្ហើបនៅថ្ងៃដដែលនេះដែរថា លោកស្រីយល់ព្រមសហការជាមួយក្រុមរដ្ឋអាជ្ញាជានិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមក្រុមរដ្ឋអាជ្ញាលោកស្រី ផាក នឹងត្រូវបង្ហាញខ្លួននៅក្នុងការសួរចម្លើយនៅម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា។ ចំណែកឯក្រុមមេធាវីរបស់លោកស្រី ផាក ក៏បានបញ្ជាក់រួចហើយដែរថា លោកស្រីនឹងធ្វើកិច្ចសហការជាមួយក្រុមរដ្ឋអាជ្ញា។ ដូច្នេះបើសិនជាលោកស្រី ផាក ពិតជាបង្ហាញខ្លួនមែន នោះលោកស្រីនឹងក្លាយជាប្រមុខរដ្ឋកូរ៉េខាងត្បូងទី០៤ ដែលត្រូវបានរដ្ឋអាជ្ញាសួរចម្លើយបន្ទាប់ពីលោក Roh Tae-woo, លោក Chun Doo-hwan និងលោក Roh Moo-hyun ដែលសុខចិត្តលោតជ្រោះសម្លាប់ខ្លួនឯងកាលពីឆ្នាំ២០០៩ ក្រោយពេលត្រូវបានសួរចម្លើយដោយក្រុមរដ្ឋអាជ្ញាជុំវិញរឿង អាស្រូវពុករលួយប្រព្រឹត្តដោយក្រុមគ្រួសាររបស់លោក។
គួរបញ្ជាក់ថាចៅក្រមតុលាការធម្មនុញ្ញទំាង០៨នាក់ បានយល់ព្រមជាឯកច្ឆន្ទទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតីស្ត្រីកូរ៉េខាងត្បូងដំបូងគេបំផុត។ មួយវិញទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រីមិនមានអភ័យឯកសិទ្ធិទៀតនោះទេ ដែលនេះនឹងបើកផ្លូវឱ្យក្រុមរដ្ឋអាជ្ញាអាចធ្វើការចោទប្រកាន់ផ្លូវការប្រឆាំងនឹងលោកស្រីពីបទពុករលួយ រំលោភអំណាចរដ្ឋ ហើយបើសិនជាគេរកឃើញកំហុសដូចការចោទប្រកាន់ នោះលោកស្រីនឹងត្រូវប្រឈមមុខនឹងការឡើងតុលាការ បើទោះជាលោកស្រី ផាក ផ្ទាល់ធ្លាប់អះអាងថាមិនបានធ្វើខុសអ្វីក៏ដោយ៕