(ប៉េកាំង)៖ រដ្ឋាភិបាលចិនកំពុងរៀបចំយុទ្ធសាស្រ្តទប់ទល់ប្រឆាំងទៅនឹង ប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD ដែលកំពុងតែធ្វើការដំឡើងនៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដែលរួមមានទាំងការប្រើប្រាស់បរិក្ខាប្រឆាំងមីស៊ីល សំដៅលុបបំបាត់រលកសញ្ញានានាចេញពីប្រព័ន្ធរ៉ាដារបស់ THAAD ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានដែលផ្អែកលើសម្តី របស់មេបញ្ជាយោធាចូលនិវត្តន៍មួយរូបរបស់ប្រទេសចិន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោកឧត្តមសេនីយ៍ Wang Hongguang រដ្ឋាភិបាលទីក្រុងប៉េកាំងពុំមានបំណងដើម្បីអង្គុយរង់ចាំ ដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មីនោះឡើយ ដោយសារប្រមុខដឹកនាំរដ្ឋាភិបាលកូរ៉េខាងត្បូងបន្ទាប់នេះ ក៏ទំនងជានឹងមិនផ្លាស់ប្តូរគោលនយោបាយដែលពាក់ព័ន្ធ ឬមួយបោះបង់ចោលនីតិវិធីនៃការដំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD នោះដែរ។
មួយវិញទៀតថ្លែងក្នុងសម័យប្រជុំស្តីពីបញ្ហានយោបាយ នៅទីក្រុងប៉េកាំងលោក Wang បានលើកឡើងថា «យើងនឹងបញ្ចប់ការបំពាក់បរិក្ខាយោធាទប់ទល់របស់យើង នៅមុនពេលដែលប្រព័ន្ធ THAAD ចាប់ផ្តើមប្រតិបត្តិការ ហើយវាពុំចាំបាច់នោះឡើយក្នុងការអង្គុយសំកុករង់ចាំរយៈពេលពីរខែសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ពីព្រោះថាពួកយើងមានសម្ភារៈដូច្នោះរួចរាល់អស់ហើយ ដោយគ្រាន់តែត្រូវការចល័តវាទៅកាន់ទីកន្លែងដែលសាកសមប៉ុណ្ណោះ»។
បន្ថែមពីនេះយោងតាមអតីតមេបញ្ជាការកងទ័ពចិនមួយរូបទៀតឈ្មោះ Yue Geng ទីក្រុងប៉េកាំងមានសមត្ថភាព បង្កភាពរាំងស្ទះដល់ដំណើរការរបស់ប្រព័ន្ធ THAAD តាមរយៈការជួយពីបច្ចេកវិទ្យាជះការរំខានដ៏ទំនើបដែលប្រើប្រាស់រលកសញ្ញាអេឡិចត្រូម៉ាញេទិច។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានប្រកាសអំពីការដំឡើងបរិក្ខាបន្សំនៃប្រព័ន្ធខែលការពារមីស៊ីលផ្លោង THAAD នៅប្រទេសកូរ៉េខាងត្បូង ហើយនៅក្រោយសេចក្តីរាយការណ៍នៃការចាប់ផ្តើមដំណើរការបំពាក់ប្រព័ន្ធនេះ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ម្តងទៀតថាទីក្រុងប៉េកាំងនៅតែបន្តប្រកាន់គោលជំហរប្រឆាំងដាច់ខាតចំពោះការវិវឌ្ឍន៍នេះ ហើយនឹងចាត់វិធានការដែលចាំបាច់ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន៕