(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមានការតវ៉ាពីសំណាក់បណ្ដាអង្គការពារសិទ្ធិជនស៊ីវិល ក្នុងរដ្ឋ California នៅទីបំផុត ក្រុមហ៊ុន Facebook បានសម្រេចចិត្តហាមឃាត់រាល់កម្មវិធីទំាងឡាយណា ដែលអាចនឹងត្រូវបានគេប្រើប្រាស់ដើម្បី តាមដានឬក៏ស៊ើបការណ៍លើអ្នកប្រើប្រាស់បណ្ដា ទំនាក់ទំនងសង្គម និងបានសន្យាដែរថា ខ្លួននឹងធ្វើបច្ចុប្បន្នភាពគោលនយោបាយរក្សាការសម្ងាត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរ អនុប្រធានការពារព័ត៌មានបុគ្គល និងគោលនយោបាយសាធារណៈរបស់ Facebook លោក Robert Sherman បានគូសបញ្ជាក់ថា «អ្នកផលិតកម្មវិធីមិនអាចប្រើប្រាស់ទិន្និន័យ ដើម្បីបង្កើតឧបករណ៍តាមដាន ឬស៊ើបការណ៍សម្ងាត់នៅលើ Facebook និង Instagram នោះទេ ហើយគោលបំណងរបស់យើងគឺចង់ពង្រឹងច្បាប់ប្រើប្រាស់»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook ក៏បានឱ្យដឹងដែរថា ខ្លួនបានចាត់វិធានការជាច្រើនប្រឆាំងនឹងអ្នកផលិតកម្មវិធីមួយចំនួន ដែលបានបង្កើត និងប្រើប្រាស់ឧបករណ៍តាមដាន ឬលួចស្ដាប់ ត្បិតវាគឺជាសកម្មភាពរំលោភលើច្បាប់បណ្ដាញទំនាក់ទំនងសង្គម៕