(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានអំពាវនាវ ឱ្យមានការកែទម្រង់ក្នុងអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីការព្យាយាមរបស់ខ្លួនយកសំណុំរឿងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើជារបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
កាលពីថ្ងៃទី០៧ ខែមីនា លោក Ja Song-nam តំណាងកូរ៉េខាងជើងប្រចំា UN បានជំរុញឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Matthew Rycroft ថ្កោល ទោសចំពោះសមយុទ្ធយោធាប្រចំាឆ្នំារវាងអាមេរិក-កូរ៉េខាងត្បូង ដែលខ្លួនយល់ថានឹងនំាឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងសង្រ្គាមនុយក្លេអ៊ែរ ក៏ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។
ជុំវិញបញ្ហានេះដែរសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅក្នុងបទវិចារណកថាមួយបានគូសបញ្ជាក់ថា «ក្រុមប្រឹក្សាសន្តិសុខគឺជាអាយ៉ង ដែលធ្វើសកម្មភាពបម្រើផលប្រយោជន៍ របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ជាក់ស្ដែងពួកគេមិនបានធ្វើអ្វីទាល់តែសោះ នៅពេលសហរដ្ឋអាមេរិក ចូលឈ្លានពានអ៊ីរ៉ាក់ក្រោមហេតុផលថាទីក្រុងបាកដាដមានអាវុធបំផ្លាញលោក (...)។ ជាងនេះទៅទៀត វាគឺជារឿងឆ្កួតឡប់បំផុតក្នុងការព្យាយាមដោះស្រាយបញ្ហាដោយផ្ទាល់ លើជោគវាសនារបស់ប្រទេសមួយ តាមរយៈក្រុមប្រឹក្សាសន្តិសុខ។ ដូច្នេះក្រុមប្រឹក្សាសន្តិសុខ គួរតែត្រូវធ្វើកំណែទម្រង់ប្រជាធិបតេយ្យឡើងវិញ និងមិនត្រូវបន្តអនុញ្ញាតទីក្រុងវ៉ាស៊ីនតោន ដើរលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងអ្នកដទៃទៀតនោះទេ»។
គួរបញ្ជាក់ថានៅថ្ងៃអង្គារនេះដែរកូរ៉េខាងជើង បានព្រមានថានឹងកម្ទេចសព្វាវុធយុទ្ធសាស្រ្តទាំងអស់របស់អាមេរិកនៅកូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធាខ្នាតធំនៅលើឧបទ្វីបកូរ៉េ៕