(សេអ៊ូល)៖ អតីតមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ដែលសព្វថ្ងៃមានទីលំនៅក្នុងរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃអង្គារនេះថា ការធ្វើតេស្តនុយក្លេអ៊ែរទ្រង់ទ្រាយធំសម្បើម ដែលកំពុងខិតជិតចូលមកដល់ របស់កូរ៉េខាងជើង អាចនឹងបណ្តាលឲ្យមានគ្រោះមហន្តរាយផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកអាចនាំឲ្យឈានដល់ ការដួលរលំនៃរបបដឹកនាំរបស់រដ្ឋកុម្មុយនិស្តមួយនេះតែម្តង បើសិនណាជាទីក្រុងព្យុងយ៉ាងទទួលបរាជ័យ នៅក្នុងការសាកល្បងអាវុធប្រល័យលោកលើកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
លោក Thae Yong-Ho អតីតមន្រ្តីនៅឯស្ថានទូតកូរ៉េខាងជើងប្រចាំក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសបានលើកឡើងថា «ការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកូរ៉េខាងជើងកំពុងព្យាយាមធ្វើឡើងនៅទីតាំងមានឈ្មោះថា Puggye-Ri នោះ នឹងបំផ្លិចបំផ្លាញប្រទេសមួយនេះទៅជាពីរចំណែកជាក់ជាមិនខាន បើសិនជាបរាជ័យ»។
ដើម្បីគាំទ្រការអះអាងរបស់ខ្លួន លោក Thae ដែលបានភៀសខ្លួនមកកាន់ទីក្រុងសេអ៊ូលកាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅបានចង្អុលបង្ហាញថា ទីតាំងសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរនេះ ស្ថិតនៅតាមបណ្តោយផ្លូវដែលតភ្ជាប់រវាងរដ្ឋធានីព្យុងយ៉ាង និងខេត្ត Hamkyong ភាគខាងជើងដ៏សំខាន់។ លោក Thae បានបន្តទៀតថា «រាល់ដងផ្លូវថ្នល់ និងផ្លូវដែកឆ្ពោះទៅកាន់ភាគខាងជើង សុទ្ធតែធ្វើដំណើរឆ្លងកាត់ទីតាំង Punggye-Ri ដូច្នេះបើសិនជាការផ្ទុះដ៏មហិកមាមួយបំពុលតំបន់នោះ ហើយបន្ទាប់មករដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បាត់បង់ការគ្រប់គ្រងលើតំបន់ព្រំដែននៃខេត្ត Hamkyong ខាងជើងទៀតនោះ ការបះបោរទ្រង់ទ្រាយធំនឹងលេចចេញជារូបរាងឡើងជាក់ជាមិនខានឡើយនៅទីនោះ។»
អតីតមន្រ្តីជាន់ខ្ពស់របស់ប្រទេសកុម្មុយនិស្តមួយនេះបានបញ្ជាក់ទៀតថា ការបំពុលបរិស្ថានដែលបណ្តាលមកពីការបរាជ័យក្នុងការគ្រប់គ្រងបន្ទុះនុយក្លេអ៊ែរនៅក្នុងប្រទេសដ៏តូចមួយដូចជាកូរ៉េខាងជើងនេះ នឹងស្ទើរតែជាទីអវសានមួយអ៊ីចឹងសម្រាប់ទីក្រុងព្យុងយ៉ាង។ បន្ថែមពីនេះលោក Thae បានក៏បានក្រើនរំលឹកដែរថា សហគមន៍អន្តរជាតិ គួរតែជ្រាបឲ្យបានច្បាស់អំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នៃការធ្វើតេស្តអាវុធនុយក្លេអ៊ែរខ្នាតធំរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថាយោងតាមរូបភាពពីផ្កាយរណប នៅក្នុងសេចក្តីរាយការណ៍ព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ សកម្មភាពរបស់ក្រុមវិស្វកម្មកូរ៉េខាងជើង នៅតំបន់ដែលទីក្រុងព្យុងយ៉ាងទុកសម្រាប់ធ្វើតេស្តនុយក្លេអ៊ែរមានឈ្មោះថា Punggye-ri ជាទីដែលរដ្ឋនេះធ្លាប់បានបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែ ចំនួន០៥លើករួចមកហើយ កំពុងតែផុសផុល និងមមាញឹកយ៉ាងខ្លាំង។ ម៉្យាងវិញទៀតរបាយការណ៍នោះបានបញ្ជាក់យ៉ាងដូច្នេះថា «ការបន្តជីករូងក្រោមដីនៅតំបន់ភ្នំ Mantap ពិតជានឹងអនុញ្ញាតឲ្យកូរ៉េខាងជើង ធ្វើតេស្តគ្រាប់បែកនុយក្លេអែរក្រោមដី ដែលមានអានុភាពខ្លាំងលើសមុនៗទៀត ដែលវាអាចនឹងកើនឡើងរហូតដល់ទៅទម្ងន់ ២៨២គីឡូតោន (ខ្លាំងលើសមុន ១៤ដង)»៕