(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីប អ៊ឺដូហ្គាន់ បានចោទប្រកាន់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល ថាជាអ្នកគាំទ្រក្រុមភេរវករ នៅក្នុងបរិបទដែលតួកគីខ្លួនឯងផ្ទាល់កំពុងមានជម្លោះការទូតជាមួយអាល្លឺម៉ង់ និងហូឡង់ជុំវិញការរារាំងការជួបជុំរបស់ក្រុមអ្នកគាំទ្រលោក តាយយីប អ៊ឺដូហ្គាន់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រជាមតិស្ដីពីការធ្វើវិសោធនកម្មរដ្ឋម្មនុញ្ញនៅថ្ងៃទី១៦ ខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ លោក អឺដូហ្កាន់ បានលើកឡើងយ៉ាងដូច្នេះថា «លោកស្រី មឺគែល! ហេតុអ្វីបានជាអ្នកលាក់បាំង ក្រុមភេរវករនៅក្នុងប្រទេសរបស់អ្នក? ហេតុអ្វីបានជាអ្នកមិនព្រមធ្វើសកម្មភាពសោះ? លោកស្រី មឺគែល! អ្នកជាអ្នកគាំទ្រក្រុមភេរវករ»។ លោក តាយយីប អ៊ឺដូហ្គាន់ ក៏បានរិះគន់លោកស្រី មឺគែល ផងដែរចំពោះការបង្ហាញការគាំទ្ររបស់លោកស្រី ដល់នាយករដ្ឋមន្ត្រីហូឡង់ នៅក្នុងវិបត្តិការទូតរវាងហូឡង់ និងតួកគី»។ ទោះបីជាយ៉ាងណា លោកស្រី មឺគែល បានចាត់ទុកការចោទប្រកាន់នេះ ជារឿងគួរឱ្យស្អប់មិនអាចទទួលយកបាន ហើយថាគ្មានបំណងចូលរួមនៅក្នុងជម្លោះនេះឡើយ។
គួរបញ្ជាក់ថាលោក តាយយីប អ៊ឺដូហ្គាន់ ធ្លាប់បានប្រៀបធៀបអាល្លឺម៉ង់ទៅនឹងសម័យណាហ្ស៊ីសហ៊ីត្លែរ បន្ទាប់ពីអាជ្ញាធរអាល្លឺម៉ង់ រារាំងមិនឱ្យក្រុមអ្នកគាំទ្រប្រធានាធិបតីតួកគីរូបនេះ ជួបជុំគ្នា កាលពីសប្ដាហ៍មុន៕