(សេអ៊ូល)៖ បេក្ខភាពប្រធានាធិបតីដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានអំពាវនាវដល់ប្រទេសចិន ឲ្យឈប់ធ្វើការសងសឹកផ្នែកសេដ្ឋកិច្ចប្រឆាំងលើក្រុមហ៊ុនកូរ៉េខាងត្បូង ជុំវិញការតំឡើងក៏ដូចជាបំពាក់ប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកតទៀតទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងវេទិកាតស៊ូមតិជាមួយបេក្ខជនដទៃៗទៀតលោក Moon Jae-In ដែលត្រូវគេរំពឹងនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេស នៅតំបន់អាស៊ីខាងកើតមួយនេះបាននិយាយថា កូរ៉េខាងត្បូងត្រូវតែក្រោកឈរឡើងតទល់ចំពោះចិន ហើយធ្វើការតវ៉ាប្រឆាំងនឹងទង្វើអយុត្តិធម៌ទាំងឡាយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែក៏គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយបញ្ហានេះផងដែរ។
គួរបញ្ជាក់ថាចិនបានបង្ហាញគោលជំហរប្រឆាំងដាច់ខាត ចំពោះកិច្ចព្រមព្រៀងរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយសារទីក្រុងប៉េកាំងបានចាត់ទុកថាប្រព័ន្ធរ៉ាដាដ៏មានអានុភាពរបស់ THAAD ជាការគំរាមកំហែងដ៏ខ្លាំងមួយចំពោះសន្តិសុខជាតិរបស់ខ្លួន៕