(មូស្គូ)៖ រុស្ស៊ីដែលជាមហាអំណាចយោធា និងជាឃ្លំាងស្ដុកអាវុធដ៏ធំមួយនៅលើពិភពលោក អាចនឹងបញ្ចប់ទំាងស្រុងការបំផ្លាញអាវុធគីមីនៅក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមប្រធានគណកម្មការកាត់បន្ថយអាវុធគីមីរុស្ស៊ី លោក Mikhail Babich ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងជំនួបជាមួយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន លោក Mikhail Babich បាននិយាយថា «បើសិនជាយើងអាចរក្សាល្បឿនដូចពេលបច្ចុប្បន្ន និងគ្មានបញ្ហាបច្ចេកទេសទេនោះ យើងអាចនឹងបញ្ចប់ទាំងស្រុងការបំផ្លាញអាវុធគីមីនៅក្នុងឆ្នាំនេះ»។ លោក Mikhail បន្ថែមថា រុស្ស៊ីបានឈានដល់ដំណាក់កាលចុងក្រោយ នៃការអនុវត្តន៍តាមអនុសញ្ញាគ្រប់គ្រងអាវុធគីមី ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន១៩២ និងបានចូលជាធរមានកាលពីឆ្នាំ១៩៩៧។
គួរបញ្ជាក់ថាបើតាមលោក Mikhail Babich ទីក្រុងមូស្គូបានចំណាយប្រាក់ ៥.៦ពាន់លានដុល្លារអាមេរិក ដើម្បីបំផ្លាញអាវុធគីមី។ ចំណែកឯអាវុធគីមី ៧០,៥០០តោនត្រូវបានស្ដុកទុកនៅទូទំាងពិភពលោក ក្នុងនោះ ៤០,០០០តោននៅរុស្ស៊ី និង ២៧,០០០តោននៅសហរដ្ឋអាមេរិក៕