(ហូឡង់-តួកគី)៖ ទំនាក់ទំនងរវាងប្រទេសតួកគី និងហូឡង់ បានឈានដល់ដំណាក់កាលល្អក់កករ បន្ទាប់ពីរដ្ឋាភិបាលហូឡង់ ហាមឃាត់មិនឱ្យយន្តហោះរដ្ឋមន្ត្រីការបរទេស តួកគី ចុះចតក្នុងដែនដីរបស់ខ្លួន។ សូមជម្រាបថារដ្ឋមន្ត្រីការបរទេស តួកគី មានបំណងចង់ស្វែងរកសំឡេងគាំទ្រពីប្រជាពលរដ្ឋតួកគីនៅក្រៅប្រទេស ដើម្បីធ្វើប្រជាមតិគាំទ្រទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី ដែលផ្តួចផ្តើមគំនិតឡើងដោយ លោកប្រធានាធិបតី អ៊ែរដូហ្កាន់ ក្នុងបំណងបង្កើនអំណាចរបស់ខ្លួន។ ការហាមឃាត់នេះ ធ្វើឱ្យប្រធានាធិបតីតួកគី ហ៊ានចាត់ទុកថារដ្ឋាភិបាលហូឡង់ ជាប្រទេសដែលកាន់របបណាស៊ី។
ឆ្លៀតឱកាសសូមបង្ហាញពីប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តអស់រយៈពេលជិត៤សតវត្សរ៍ ដោយចាប់ផ្តើមឡើងតាំងពីឆ្នាំ១៦១២។ មន្ត្រីទូតតំណាងប្រទេសតួកគី មានវត្តមានក្នុងប្រទេសហូឡង់ ដំបូងក្នុងឆ្នាំ១៨៥៩។ ប្រទេសហូឡង់ បានបញ្ជូនលោក Cornelius Haga ក្នុងនាមជាមន្ត្រីកុងស៊ុល ទៅកាន់ទីក្រុង អ៊ីស្តង់ប៊ុលក្នុងឆ្នាំ១៦១១។
សូមរំលឹកថាកាលពីមុន ដែនដីតួកគីគ្រាន់តែជាភូមិ Sluis មួយដែលមានទីតាំងស្ថិតនៅភាគខាងលិច នៃតំបន់ Zeelandic Flanders ក្នុងតំបន់ភាគនិរតីនៃប្រទេសហូឡង់ប៉ុណ្នោះ។ រហូតដល់ក្នុងឆ្នាំ១៦០៤ ព្រះអម្ចាស់ Maurits បានផ្លាស់ប្តូរឈ្មោះភូមិនេះទៅជាភូមិតួកគី (Turkeye) ដើម្បីបង្ហាញការដឹងគុណចំពោះជនជាតិតួកគី ដែលបានគាំទ្រជួយដល់ពួកហូឡង់ក្នុងការធ្វើសង្គ្រាមជាមួយនឹងពួកSpaniards ក្នុងសង្គ្រាមឯករាជ្យរបស់ហូឡង់។
ប្រវត្តិនៃទំនាក់ទំនងរវាងប្រទេស តួកគី និងហូឡង់៖
* ទំនាក់ទំនងនយោបាយ៖ តួកគី និងហូឡង់ជាសមាជិកនៃអង្គការនយោបាយជាច្រើនរួមគ្នាដូចជា ក្រុមប្រឹក្សាអឺរ៉ុប អង្គការណាតូ និងអង្គការ OECD ជាដើម។ ក្នុងអំឡុងនៃទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសហូឡង់ នាខែមីនា ឆ្នាំ២០១៣ នាយករដ្ឋមន្ត្រី អ៊ែរឌូហ្កាន់ បានរិះគន់ទៅលើគោលនយោបាយ ដែលដាក់កូនចិញ្ចឹមជាជនជាតិតួកគី និងហូឡង់ ឱ្យរស់នៅជាមួយឪពុកម្តាយចិញ្ចឹមដែលជាមនុស្សស្រឡាញ់ភេទដូចគ្នា។
ឆ្លើយតបបញ្ហានេះឧបនាយករដ្ឋមន្ត្រីហូឡង់លោក Lodewijk Asscher បានចាត់ទុកការរិះគន់របស់ប្រទេសតួកគី ជាឥរិយាបថដែលមិនសមរម្យទាល់តែសោះ ហើយចាត់ទុកថា វាជាភាព «ឆ្មើងឆ្មៃ» បន្ទាប់ពីមហាអំណាចបរទេសបង្ហាញការយល់ឃើញ និងរិះគន់ចំពោះគោលនយោបាយថែរក្សាកូនចិញ្ចឹម របស់ប្រទេសហូឡង់។
ទាក់ទងនឹងបញ្ហានេះ លោក អ៊ែរឌូហ្កាន់ បានស្នើសុំឱ្យមានកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីកិច្ចការគ្រួសាររបស់ប្រទេសតួកគី ជាមួយនឹងរដ្ឋមន្ត្រីសន្តិសុខ និងយុត្តិធម៌ ដើម្បីប្រឹក្សាគ្នាទៅវិញទៅមកអំពីការថែរក្សាកុមារ ដែលមានដើមកំណើតពីប្រទេសតួកគី ប៉ុន្តែត្រូវបាននាយករដ្ឋមន្ត្រី Mark Rutte បដិសេធសំណើរនេះ។ នេះក៏ជាផ្នែកមួយដែលជម្រុញភាពល្អក់កកររវាងប្រទេសទាំងពីរផងដែរ។
* ទំនាក់ទំនងសេដ្ឋកិច្ច៖ ទំនាក់ពាណិជ្ជកម្មរវាងប្រទេសតួកគី និងហូឡង់ បានកើនឡើងគួរកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានជាច្រើនឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០០៨ ប្រទេសហូឡង់ បាននាំចេញនូវផលិតផលទៅកាន់ប្រទេសតួកគី ក្នុងតម្លៃជាទឹកប្រាក់ប្រមាណ ៤ពាន់លានអឺរ៉ូ ដែលបរិមាណនៃការនាំចេញនេះ មានការកើនឡើងទ្វេដងបើប្រៀបធៀបនឹងបរិមាណនៃការនាំចេញក្នុងឆ្នាំ២០០០។
ដោយឡែកប្រទេសតួកគីវិញ ក្នុងឆ្នាំ២០០៨ដូចគ្នានេះ បាននាំចេញទំនិញទៅកាន់ប្រទេស ហូឡង់ក្នុងតម្លៃជាទឹកប្រាក់ចំនួន១,៦ពាន់លានអឺរ៉ូ ដែលក្នុងនោះមាន ៣២ភាគរយជាផលិតផលកាត់ដេរ។ ជាមួយគ្នានេះប្រទេសតួកគី បានក្លាយជាគោលដៅភ្ញៀវទេសចរហូឡង់យ៉ាងពេញនិយម សម្រាប់ថ្ងៃឈប់សម្រាក។ ជាក់ស្តែងក្នុងឆ្នាំ២០០៩ ភ្ញៀវទេសចរហូឡង់ បានធ្វើដំណើរកម្សាន្តក្នុងប្រទេសតួកគីប្រមាណ ១,១លាននាក់។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១១ ក្រុមហ៊ុនរបស់ប្រទេសហូឡង់ចំនួន ១,៨៩៤ក្រុមហ៊ុន បានដាក់ការវិនិយោគទុនក្នុងប្រទេសតួកគី។ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសតួកគី លោក Ahmet Davutoglu បានលើកឡើងថា ការវិនិយោគទុនបែបនេះធ្វើឱ្យប្រទេសហូឡង់ ក្លាយជាប្រទេសដែលបានដាក់ការវិនិយោគ ធំជាងគេក្នុងប្រទេសតួកគី។
គួរបញ្ជាក់ថាថ្មីៗនេះ បន្ទាប់ពីប្រទេសតួកគី ដាក់ចេញនូវគម្រោងចង់ធ្វើប្រជាមតិ ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសហូឡង់ក្នុងខែមីនា ឆ្នាំ២០១៧នេះ ដើម្បីជម្រុញសំណើសុំធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញតួកគីនោះ បែរជាត្រូវបានរដ្ឋាភិបាលហូឡង់ ហាមឃាត់ការចុះចតយន្តហោះរបស់តួកគីក្នុងប្រទេសរបស់ខ្លួន ដោយចាត់ទុកថា ជាទង្វើដែលបង្កអសន្តិសុខក្នុងផ្ទៃប្រទេសហូឡង់។ ជាមួយគ្នានេះដែរការធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតនៅក្រៅប្រទេស មិនថាតាមមធ្យោបាយទូត ឬបែបណាក៏ដោយ ត្រូវបានគេចាត់ទុកថាជារឿងខុសច្បាប់សម្រាប់ប្រទេស តួកគី ប៉ុន្តែកន្លងមកបក្សនយោបាយតួកគីជាច្រើន រួមទាំងបក្សកាន់អំណាចផងដែរនោះ បានបំពានទៅលើច្បាប់នេះជាញឹកញាប់។
បន្ទាប់ពីហេតុការណ៍ហាមឃាត់ការចុះចតយន្តហោះរបស់មន្ត្រីតួកគី ប្រៀបបានទៅនឹងការដុតកម្តៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងនេះ ឱ្យតានតឹងឡើងជាបន្តបន្ទាប់ ដែលកំពុងក្លាយជាប្រធានបទក្តៅក្នុងសារព័ត៌មានអន្តរជាតិ និងពិភពលោកទាំងមូល៕