(ហាណូយ)៖ ប្រទេសវៀតណាមនៅពេលនេះ កាន់តែចំណាយលុយច្រើនឡើងៗបន្ថែមទៀត ពោលគឺដល់ទៅចំនួនប្រហែល ១៦៤លានដុល្លារអាមេរិកទៅលើបន្លែក៏ដូចជាផ្លែឈើ ដែលធ្វើការនាំចូលពីក្រៅប្រទេស នៅក្នុងរយៈពេលតែពីរខែដំបូងនៃឆ្នាំ២០១៧នេះប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងដល់ទៅ ៥៥ភាគរយ បើធៀបនឹងពេលដូចគ្នានៅឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
គេសង្កេតឃើញថាប្រជាជនវៀតណាមពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានទំនោរទៅរកបន្លែ-ផ្លែឈើដែលនាំចូលពីបរទេសជាពិសេសចិននិងថៃតែម្តង ជាជាងការទិញផលិតក្នុងស្រុករបស់ខ្លួន ពីព្រោះតែបញ្ហានៃការប្រើប្រាស់ថ្នាំគីមីច្រើនលើសលប់ហួសកំណត់ ដោយហេតុតែចង់បានផលចំណេញច្រើនរហូតបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។
ប្រទេសវៀតណាមបានចំណាយប្រាក់ជាង ៨២លានដុល្លារ ដើម្បីនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃកាលពីខែមករា និងកុម្ភៈកន្លងទៅ ដោយប្រជាជាតិអាស៊ានដែលនៅក្បែរខាងមួយនេះទទួលបន្ទុកដល់ទៅ ៥០ភាគរយនៃបន្លែ-ផ្លែឈើនាំចូលទៅកាន់វៀតណាម។ ដោយឡែកប្រទេសចិនបានឈរនៅលេខរៀងទីពីរជាមួយចំណែក១៩ភាគរយ និងតាមពីក្រោយដោយមីយ៉ាន់ម៉ា (០៩ភាគរយ) និងសហរដ្ឋអាមេរិក (០៨ភាគរយ)។
គួរបញ្ជាក់ថាទោះបីជាមានឈ្មោះថា ជាប្រទេសដើរដោយវិស័យឧស្សាហកម្មយ៉ាងណាក្តី វៀតណាមបានបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការនាំចូលបន្លែព្រមទាំងផ្លែឈើ។ តួយ៉ាងកាលពីឆ្នាំ២០១៦ ប្រទេសអាស៊ានមួយនេះបានចាយលុយប្រមាណ ៩២៥លានដុល្លារសហរដ្ឋអាមេរិកលើផលិតផលទាំងនេះ ដោយវាបានកើនជិត៥០ភាគរយធៀបនឹងឆ្នាំ២០១៥៕