(ស៊ីដនី)៖ ប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) បានរៀបចំពិធីមួយនៅថ្ងៃអង្គារនេះក្នុងទីក្រុង Brisbane ដើម្បីប្រកាសពីការចូលនិវត្តន៍របស់សុនខ (ឆ្កែ) មួយក្បាលពីអង្គភាពប៉ូលិស បន្ទាប់ពីវាបំពេញការងារអស់រយៈពេល០៨ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
Louie មានអាយុ០៩ឆ្នាំ និងរោមពណ៌ខ្មៅ គឺជាឆ្កែប៉ូលិសប្រមាញ់គ្រឿងញៀន ដែលបានរកឃើញគ្រឿងញៀនគិតជាទឹកប្រាក់ជាង ១៥.១លានដុល្លារអាមេរិក និងលុយក្លែងក្លាយ ២.៥លានដុល្លារចាប់តាំងពីឆ្នាំ២០០៩មក។ ដោយឡែកថ្លែងនៅក្នុងពិធីនោះដែរ រដ្ឋមន្ត្រីយុត្តិធម៌នៃសហព័ន្ធអូស្ត្រាលី លោក Michael Keenan បាននិយាយថា Louie គឺជាសត្វឆ្កែដ៏អស្ចារ្យ ដែលបានជួយធានាសុវត្ថិភាព និងសន្តិសុខអូស្រា្ដលី ដោយវាបានទប់ស្កាត់ការជួញដូរគ្រឿងញៀននៅតាមដងផ្លូវ។
«Louei គឺជាសត្វឆ្កែដំបូងគេបំផុត បានចូលរួមនៅក្នុងប្រតិបត្តិការប្រមាញ់លុយក្លែងក្លាយ និងគ្រឿងញៀន ចាប់តាំងពីឆ្នាំ២០០៩មក ហើយវាបានចំណាយពេល ០៨ឆ្នាំ ដើម្បីការពារអាកាសយានដ្ឋានទីក្រុង Brisbane។ មិនតែប៉ុណ្ណោះ Louie ក៏បានចូលរួមចំណែកផងដែរ ក្នុងការទប់ស្កាត់ការរត់ពន្ធខុសច្បាប់ នៅក្នុងប្រទេស»។ នេះបើតាមលោក Michael Keenan ៕