(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកភ្លើងខៀវឱ្យទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ប្រើយន្តហោះគ្មានមនុស្សបើក (Drone) វាយប្រហារតាមផ្លូវអាកាសប្រឆាំងពួកភេរវករ។ នេះបើតាមកាសែត Wall Street Journal ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
យោងតាម Wall Street Journal ផ្អែកលើមន្ត្រីអាមេរិកជាច្រើននាក់ លោក ត្រាំ បានផ្ដល់អំណាចថ្មីដល់ CIA តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្បថចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិក ពោលគឺមុនលោក Mike Pompeo ត្រូវបានព្រឹទ្ធសភាអាមេរិកទទួលស្គាល់ជានាយក CIA។ ម្យ៉ាងវិញទៀត តាមរយៈអំណាចនេះ CIA អាចនឹងដឹកនាំបេសកកម្ម ដោយមិនចាំបាច់មានការយល់ព្រមពីមន្ទីតបញ្ចកោណ និងសេតវិមាននោះទេ ហើយដែលនេះគឺផ្ទុយទំាងស្រុងពីគោលនយោបាយនៃអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលដាក់កំហិតលើតួនាទីរបស់ CIA នៅក្នុងសកម្មភាពយោធា»។
គួរបញ្ជាក់ថានៅក្នុងក្របខណ្ឌនៃបេសកកម្មកម្ទេចពួក ISIS ស្ថាប័ន CIA បានធ្វើប្រតិបត្តិការដោយសម្ងាត់កាលពីខែកុម្ភៈកន្លងទៅ ដើម្បីសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុម អាល់កៃដា Abu al-Khayr al-Masri ដែលជាកូនប្រសារបស់ Osama Bin Laden នៅក្នុងប្រទេសស៊ីរី។ al-Masri ត្រូវបានគេប្រកាសថាបានស្លាប់ ក៏ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា CIA បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ឬក៏យ៉ាងណា? ជាងនេះទៅទៀត អំណាចរបស់ CIA អនុវត្តន៍តែនៅស៊ីរីតែមួយប៉ុណ្ណោះនៅពេលបច្ចុប្បន្ន ខណៈការសង្ស័យកំពុងកើតមានពាក់ព័ន្ធនឹង ការចូលរួមរបស់ CIA នៅក្នុងប្រតិបត្តិការប្រឆាំងពួកភេរវករនៅ សូម៉ាលី លីប៊ី និងយ៉េមែន ជាដើម៕