(ស៊ីដនី)៖ នាព្រឹកថ្ងៃចន្ទនេះមនុស្សសរុបចំនួន ២១នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលិសរដ្ឋ Victoria នៃប្រទេសអូស្រ្តាលីនៅក្នុងប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ទៅលើក្រុមអ្នជិះម៉ូតូធំនៅទូទាំងទីក្រុងមែលប៊ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យទីបញ្ជាការប៉ូលិសរដ្ឋ Victoria បានឲ្យដឹងថា គ្រឿងញៀននិងលុយជាច្រើនត្រូវបានរឹបអូស នៅក្នុងការប្រតិបត្តិការបង្រ្កាបខាងលើតាមលំនៅឋាន និងអគារពាណិជ្ជកម្មចំនួន ២៦កន្លែង ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកលេងជិះម៉ូតូធំ Comancheros នាវេលាម៉ោង ៥៖០០នាទីទាបភ្លឺ។
គួរបញ្ជាក់ថាយោងតាមប៉ូលិសរដ្ឋ Victoria ពួកក្រុមអ្នកលេងទាំងអស់នេះ គឺជាអ្នកនៅពីក្រោយខ្នងការបាញ់ប្រហារចំនួន ២១ករណី, ការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈចំនួនបួនករណី, ករណីរត់ពន្ធគ្រឿងញៀនកម្រិតធ្ងន់ និងបទល្មើសទាក់ទងនឹងអាវុធជាច្រើនផ្សេងទៀត៕