(អង់ការ៉ា)៖ បន្ទាប់ពីមានជម្លោះការទូតនឹងគ្នា អស់រយៈពេលច្រើនថ្ងៃមកនេះ តួកគីបានប្រកាសហើយពីវិធានការសងសឹកនឹងហូឡង់ ដោយក្នុង នោះរួមមានទំាងការព្យួរទំនាក់ទំនងទ្វេភាគីកំរិតថ្នាក់រដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់រវាងប្រទេសទំាងពីរ ខណៈអគ្គរដ្ឋទូតហូឡង់ប្រចាំទីក្រុងអង់ការ៉ា ក៏ត្រូវបានចាត់ទុកផងដែរថាជាបុគ្គលមិនគួរទទួលស្វាគមន៍ (persona non grata)។ នេះបើតាមឧបនាយករដ្ឋមន្ត្រីតួកគីលោក Numan Kurtulmus ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
ការចាត់វិធានការដាក់ទណ្ឌកម្មរបស់តួកគី ធ្វើឡើងបន្ទាប់ពីហូឡង់ បានរារាំងមិនឱ្យរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បំពេញទស្សនកិច្ចទៅកាន់ស្ថានកុងស៊ុល តួកគីប្រចាំងទីក្រុង Rotterdam កាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងក្របខណ្ឌនៃយុទ្ធនាការស្វែងរកការគាំទ្រពីប្រជាជនតួកគី នៅឯបរទេសសម្រាប់ការបោះឆ្នោតប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី១៦ ខែមេសា។ «យើងកំពុងធ្វើអ្វីដូចដែលពួកគេធ្វើមកលើយើង។ យើងនឹងមិនអនុញ្ញាតឱ្យយន្ដហោះ ដឹកមន្ត្រីទូត ឬបេសកកម្មទូតហូឡង់ចុះចតនៅលើទឹកដីតួកគី ឬក៏ប្រើប្រាស់ដែនអាកាសរបស់យើងឡើយ ហើយអ្នកដែលបង្កើតវិបត្តិនេះ គឺជាអ្នកទទួលខុសត្រូវចំពោះការដាក់ទណ្ឌកម្មនេះ»។ នេះបើតាមលោក Numan Kurtulmus ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណរដ្ឋមន្ត្រី។
គួរបញ្ជាក់ថា លោក Numan Kurtulmus ក៏បានវាយតម្លៃដែរថា ហូឡង់កំពុងជាន់ឈ្លីច្បាប់អន្តរជាតិ ហើយមិនតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងអង់ការ៉ា ក៏នឹងស្នើឱ្យសភាសើរើឡើងវិញសន្ធិសញ្ញាមិត្តភាពរវាងតួកគី និងហូឡង់ទៀតផង៕