(ប៉ារីស)៖ បេក្ខនារីប្រធានាធិបតីបារំាង លោកស្រី Marine Le Pen មកពីគណបក្សរណសិរ្សជាតិ (Front national) បាននិយាយថា នៅក្នុងករណីជាប់ឆ្នោតជាប្រធានាធិបតីបារំាង លោកស្រីនឹងស្នើសុំកិច្ចសហការពីនាយករដ្ឋមន្ត្រីហុងគ្រី លោក Victor Orban និងប្រធានគណបក្សកាន់អំណាចប៉ូឡូញ លោក Jaroslaw Kaczynski ដើម្បីពិភាក្សាគ្នា ពាក់ព័ន្ធនឹងការកម្ទេចសហភាពអឺរ៉ុប តាមរយៈការដកសមាជិកភាពចេញពីប្លុកនយោបាយដ៏ធំមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
លោកស្រី Marine Le Pen ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានប៉ូឡូញ Rzeczpospolita បានលើកឡើងដូច្នេះថា «បើសិនជាខ្ញុំជាប់ឆ្នោត ខ្ញុំនឹងធ្វើការងារជាមួយលោក Kaczynski បំផ្លាញសហភាពអឺរ៉ុប ហើយខ្ញុំជឿថាយើងអាចនឹងសហការគ្នាលើចំណុចជាច្រើន។ លើសពីនេះទៅទៀត បើសិនជាខ្ញុំក្លាយជាប្រធានាធិបតីបារាំងនៅថ្ងៃស្អែក ខ្ញុំនឹងជជែកពិភាក្សាជាមួយលោក Orban លើបញ្ហាជាច្រើនដែលយើងហាក់ដូចជាមើលឃើញពីភាពមិនត្រឹមត្រូវនៅក្នុងសហភាពអឺរ៉ុប ដែលយើងមិនអាចទទួលយកបាននៅក្រោមទម្រង់សហភាពអឺរ៉ុប។ វាប្រាកដណាស់ថា យើងនឹងមិនអាចព្រមព្រៀងគ្នាលើរឿងគ្រប់យ៉ាង ក៏ប៉ុន្តែប្រទេសនីមួយៗមានសេរីភាព និងដែនអធិបតេយ្យភាព ក្នុងការការពារផលប្រយោជន៍ជាតិរបស់ពួកគេ»។
គួរបញ្ជាក់ថាបើតាមលោកស្រី Marine Le Pen មានចំណុចពីរសំខាន់ធំៗ ដែលបារំាង និងប៉ូឡូញ អាចនឹងឈានដល់កិច្ចព្រមព្រៀង។ ទីមួយគឺដោយសារតែគោលជំហររបស់សហភាពអឺរ៉ុបលើវិបត្តិរដ្ឋធម្មនុញ្ញនៅប៉ូឡូញ និងទីពីរ ការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប៉ូឡូញតែម្ដង។ ទោះបីជាយ៉ាងណានៅថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យគណបក្សកាន់អំណាចប៉ូឡូញរបស់លោក Jaroslaw Kaczynski គឺលោកស្រី Beata Mazurek បានទាត់ចោលសំណើបំផ្លាញសហភាពអឺរ៉ុប ពីសំណាក់លោកស្រី Le Pen។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារំាង នឹងត្រូវធ្វើឡើងពីរជុំគឺនៅថ្ងៃទី២៣ ខែមេសា និងនៅថ្ងៃទី០៧ ខែឧសភា ខណៈការស្ទង់មតិលើកចុងក្រោយបង្ហាញថា លោកស្រី Marine Le Pen អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជុំទីមួយ៕