(អាល្លឺម៉ង់)៖ បុគ្គលិកបម្រើការងារ នៅអាកាសយាន្តដ្ឋានចំនួន២ ក្នុងរដ្ឋធានី Berlin របស់អាល្លឺម៉ង់ បាននាំគ្នាធ្វើកូដកម្មជាលើកទី២ ក្នុងរយៈពេល៤ថ្ងៃនេះ បានបង្ខំឲ្យជើងហោះហើររាប់រយជើង ត្រូវបានលុបចោល។ នេះបើតាមសារព័ត៌មាន RT News ចុះផ្សាយនាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។
បុគ្គលិកនៅអាកាសយាន្តដ្ឋាន Tegel និងអាកាសយាន្តដ្ឋាន Schoenefeld មិនចូលធ្វើការនៅម៉ោង៤ព្រឹកថ្ងៃចន្ទ ដល់ម៉ោង៥ព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើកូដកម្ម។
ក្រុមអាជ្ញាធរអាកាសយាន្តដ្ឋាន បានឲ្យដឹងថា ជើងហោះហើរចំនួន៤៤៨ជើង មកពីអាកាសយាន្តដ្ឋាន Tegel ជាអាកាសយាន្តដ្ឋានដ៏មមាញឹកមួយ និងជើងហោះហើរចំនួន១៩៤ជើង មកពីអាកាសយាន្តដ្ឋាន Schoenefeld ត្រូវបានលុបចោល ដោយភាគច្រើននៃជើងហោះហើរទាំងនោះ គ្រោងហោះហើរនៅថ្ងៃធ្វើកូដកម្មរបស់បុគ្គលិក។
សហជីព Ver.di ដែលជាសហជីពបុគ្គលិកអាកាសចរណ៍ របស់អាល្លឺម៉ង់ បានប្រកាសធ្វើកូដកម្មថ្មីមួយទៀត នៅថ្ងៃអាទិត្យខាងមុខ ដោយបានលើកឡើងថា វាគឺជារឿងចាំបាច់មួយ ដោយសារតែម្ចាស់ក្រុមហ៊ុន មិនទាន់ឆ្លើយតបទៅនឹងការធ្វើកូដកម្មចាស់ និងការផ្តល់នូវដំណោះស្រាយ លើបញ្ហាប្រាក់ឈ្នូលរបស់បុគ្គលិក៕