(ញូដេលី)៖ លោក Manohar Parrikar នៅថ្ងៃចន្ទនេះបានប្រកាសលាលែងពីតំណែងជារដ្ឋមន្រ្តីការពារជាតិឥណ្ឌា ដើម្បីអាចស្បថឡើងកាន់តំណែងជាអភិបាលរដ្ឋ Goa បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
លោក Parrikar ដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកាន់អំណាច Bhartiya Jabty (BJP) បានលាលែងពីមុខតំណែងជារដ្ឋមន្រ្តីនៃក្រសួងការពារជាតិរួចរាល់អស់ហើយ ដោយបានផ្ញើលិខិតលាឈប់ទៅកាន់ការិយាល័យរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ហើយលោក Manohar Parrikar នឹងស្បថឡើងកាន់តំណែងជាអភិបាលរដ្ឋ Goa ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌានៅថ្ងៃអង្គារស្អែកនេះ ជាមួយការចូលរួមពីសំណាក់ប្រធានបក្ស BJP និងរដ្ឋមន្រ្តីសហព័ន្ធលោក Rajnath Singh និងលោក Nitin Gadkari។
គួរបញ្ជាក់ថាលោក Parrikar ស្ថិតក្នុងវ័យ៦១ឆ្នាំនឹងត្រឡប់ទៅកាន់រដ្ឋ Goa វិញហើយធ្វើការស្បថកាន់តំណែងជាអភិបាលរដ្ឋនេះជាលើកទីបួន៕