(អេត្យូពី)៖ អាជ្ញាធរអេត្យូពីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤៨នាក់ ក្នុងនោះរួមមានកុមារ១៥នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់រអិលបាក់ដី នៅកន្លែងចាក់សំរាមដ៏ធំមួយស្ថិតនៅជាយរដ្ឋធានី Addis Ababa កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យអាជ្ញាធរនៅក្នុងតំបន់ លោក Amare Mekonen កិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅកប់ក្រោមគំនរសំរាមនៅតែបន្តធ្វើឡើង បន្ទាប់ពីគំនរសំរាម និងផ្ទាំងដីដ៏ធំបានរអិលបាក់សង្កត់លំនៅដ្ឋានជាង ៤៩ខ្នង ខណៈមនុស្ស២៨នាក់កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថាប្រជាជនអេត្យូពីរាប់រយនាក់ បានរស់នៅលើតំបន់គំនរសំរាម Reppi អស់រយៈពេលជាង៥០ឆ្នាំមកនេះ ដែលជាកន្លែងចាក់សំរាមដ៏ធំបំផុតមួយក្នុងទីក្រុង Addis Ababa។ ប្រជាជនក្រីក្រទំាងនេះតែងតែដើររើសម្ហូបអាហារ ឬក៏ប្រមូលរបស់របរអេតចាយដែលពួកគេអាចលក់ បានដើម្បីចិញ្ចឹមជីវិត៕