(សេអ៊ូល)៖ កងទព័ជើងអាកាសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ពួកគេកំពុងធ្វើសមយុទ្ធយោធាផ្លូវអាកាស ដែលមានរយៈពេលមួយសប្តាហ៍ ដើម្បីបង្កើនសមត្ថភាពការពារខ្លួនត្រៀមទប់ទល់នឹងសកម្មភាពបង្ករឿងនានា ដែលនឹងអាចបន្តធ្វើឡើងពីសំណាក់កូរ៉េខាងជើង ព្រមទាំងប្រតិបត្តិការវាយបករបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
យន្តហោះចម្បាំងប្រមាណ ៥០គ្រឿងរបស់យោធាជើងអាកាសកូរ៉េខាងត្បូង រួមបញ្ចូលទាំងយន្តហោះចម្បាំង F-15K និង FA-50 ក៏ដូចជាអាកាសនិយាកចំនួន៥០០នាក់ផ្សេងទៀតមកពីអង្គភាពជើងអាកាសចំនួន១៥ ត្រូវបានធ្វើការចល័តសម្រាប់សមយុទ្ធនេះ ដែលបានចាប់ផ្តើមតាំងពីថ្ងៃសុក្រសប្តាហ៍មុននេះ។
គួរបញ្ជាក់ថាសមយុទ្ធយោធាមានឈ្មោះថា «Soaring Eagle» ដែលនឹងបញ្ចប់នៅថ្ងៃសុក្រសប្តាហ៍នេះ ត្រូវបានរចនាឡើងដើម្បីដុសខាត់សមត្ថភាព របស់កងទ័ពជើងអាកាសកូរ៉េខាងត្បូង ក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលទាំងឡាយរបស់សត្រូវ និងការវាយប្រហារទីបញ្ជាការយោធាសំខាន់ៗរបស់បច្ចាមិត្ត។ សមយុទ្ធ Soaring Eagle ដែលធ្វើឡើងពីរឆ្នាំម្តងនេះចាប់តាំងពីឆ្នាំ២០០៨មកនេះ ត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពប្រុងជើងការ ប្រឆាំងនឹងកូរ៉េខាងជើងកាន់តែខ្លាំងថែមទៀត ដោយបូករួមទាំងសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលកំពុងបន្តប្រព្រឹត្តទៅរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនផងដែរ៕