(គូឡាឡាំពួ)៖ ប៉ូលិសប្រឆាំងភេរវកម្មម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស០៧នាក់ មានជនជាតិម៉ាឡេស៊ី០២នាក់ និងហ្វីលីពីន០៥នាក់ ហើយក្នុងចំណោមជនសង្ស័យទំាងនេះ០២នាក់គឺជាស្ត្រី នៅក្នុងប្រតិបត្តិការក្តៅធ្វើឡើងនៅចន្លោះថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមីនានៅរដ្ឋ Sabah និងរដ្ឋ Selangor។ នេះបើតាមមេបញ្ជាការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
លោក Khalid Abu Bakar បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មុនដំបូងនៃការចាប់ខ្លួន ជនជាតិហ្វីលីពីន០២នាក់ អាយុ២៧ និង ១៨ឆ្នាំ ត្រូវបានគេជឿជាក់ថាបានប្រមូលមូលនិធិសម្រាប់សមាជិកក្រុម ISIS ម៉ាឡេស៊ី០២នាក់ ឈ្មោះថា Mahmud Ahmad និង Mohamad Joraimee Awang Raimee ដែលកំពុងឈរជើងនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
ចំណែកឯជនជាតិហ្វីលីពីន០២នាក់ផ្សេងទៀតជា បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវចោទប្រកាន់ថា បានចូលរួមក្នុងកិច្ចការសម្របសម្រួលជួយឱ្យសមាជិកក្រុម ISIS ឥណ្ឌូណេស៊ីរត់ទៅ កាន់ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយឆ្លងកាត់តាមរដ្ឋ Sabah ខណៈស្ត្រីម៉ាឡេស៊ីជាជនសង្ស័យម្នាក់ ដែលជាមន្ត្រីអន្តោប្រវេសន៍ ក៏ត្រូវបានគេចោទប្រកាន់ពីបទល្មើសដូចគ្នានេះដែរ។ បន្ថែមពីលើនេះ ជនជាតិហ្វីលីពីន០២នាក់ផ្សេងទៀតជាជាងជួសជុលរថយន្តក្នុងទីក្រុង Sandakan នៃរដ្ឋ Sabah ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេមានគំរោងទៅចូលរួមជាមួយ ISIS នៅស៊ីរី។
គួររំលឹកថាកាលពីខែមករាកន្លងទៅ ជនជាតិម៉ាឡេស៊ីម្នាក់ត្រូវអាជ្ញាធរតួកគីបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ដោយសាររូបគេមានផែនការឆ្លងព្រំដែនតួកគីចូលទៅក្នុងទឹកដីស៊ីរី ដើម្បីចូលរួមជាមួយ ក្រុមសកម្មប្រយុទ្ធ ISIS៕