(បាកដាដ)៖ ក្រុមអ្នកប្រយុទ្ធ ISIS ដែលកំពុងជាប់គាំង នៅក្នុងទីក្រុង Mosul នឹងត្រូវស្លាប់ទំាងអស់ ហើយក៏មិនអាចរត់ចេញទៅណារួចដែរ។ នេះបើតាមបេសកជនពិសេសអាមេរិក នៃក្រុមចំរុះអន្តរជាតិទទួលបន្ទុកសម្របសម្រួលការវាយលុក លោក Brett McGurk ដក ស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Brett McGurk បាននិយាយថា «កាលពីយប់មុន (ថ្ងៃសៅរ៍) កងទ័ពអ៊ីរ៉ាក់មកពីកងអង្គភាពទី៩ បានវាយកាត់ផ្ដាច់ផ្លូវចុងក្រោយចេញពីទីក្រុង Mosul។ ដូច្នេះពួកអ្នកប្រយុទ្ធ ISIS ដែលកំពុងត្រូវបានឡោមព័ទ្ធនៅក្នុងទីក្រុងនឹងត្រូវស្លាប់ទំាងអស់... យើងប្ដេជ្ញាចិត្តមិនមែនត្រឹមតែវាយកម្ចាត់ពួកគេចេញពី Mosul នោះទេ ក៏ប៉ុន្តែយើងធានាថាគ្មានពួកអ្នកប្រយុទ្ធណាម្នាក់អាចរត់រួចខ្លួននោះឡើយ»។
គួរបញ្ជាក់ថា Mosul ដែលជាទីក្រុងធំទី២ របស់អ៊ីរ៉ាក់ បានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ពួក ISIS តាំងតែពីឆ្នាំ២០១៤មក។ តែយ៉ាងណាបើតាមឧត្តមសេនីយ៍យោធាអ៊ីរ៉ាក់ លោក Maan al-Saadi បច្ចុប្បន្ន កងទ័ពអ៊ីរ៉ាក់ក្រោមការជួយជ្រោមជ្រែងពីសំណាក់ក្រុមចំរុះអន្តរជាតិ បានវាយដណ្ដើមបានទឹកដីមួយភាគបីនៃភាគខាងលិចទីក្រុង Mosul ពីពួក ISIS មកវិញ ហើយកំពុងឈានទៅរកការក្តោបក្តាប់ទាំងស្រុង៕