(ឌូបៃ)៖ រាជទាយាទរងរបស់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានយាងចាកចេញពីប្រទេសរបស់ទ្រង់នៅថ្ងៃចន្ទនេះ នៅក្នុងដំណើរទស្សនកិច្ចនៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជជែកពិភាក្សាជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនាជាមួយលោក ដូណាល់ ត្រាំ និងមន្រ្តីរដ្ឋាភិបាលអាមេរិកដទៃៗទៀត ព្រះអង្គម្ចាស់ Mohammed ដែលមានមុខតំណែងជារដ្ឋមន្រ្តីការពារជាតិ អារ៉ាប៊ី សាអូឌីត ផងដែរនោះ នឹងធ្វើការពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងពិនិត្យឡើងទៅលើបញ្ហាក្នុងតំបន់ឋ ដែលប៉ះពាល់ដល់ប្រយោជន៍រួមនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចខាងលើនេះ នឹងក្លាយជាជំនួបលើកដំបូងបំផុតរវាងព្រះរាជបុត្រដ៏មានឥទ្ធិពលរបស់ស្តេច អារ៉ាប៊ី សាអូឌីត ព្រះចៅ Salman bin Abdulaziz និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែមករាកន្លងទៅនេះ។ ហើយបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រទេស អារ៉ាប៊ី សាអូឌីត ដំណើរទស្សនកិច្ចការងារនេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕