(ស៊ីរី)៖ ការកើនឡើងនៃសកម្មភាពភេរវកម្ម និងវិបត្តិជនភៀសខ្លួនដែលកំពុងញាំញីបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប គឺកើតចេញមកពីគោលនយោបាយអាក្រក់ របស់ពួកមេដឹកនាំអឺរ៉ុបចំពោះស៊ីរី និងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក អាស្សាដ ធ្វើឡើងនៅក្នុងជំនួបជាមួយសមាជិកប្រតិភូសភាអឺរ៉ុបមួយក្រុម ក្នុងទីក្រុងដាម៉ាស់កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីស៊ីរីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គោលនយោបាយមានចេតនាអាក្រក់ របស់បណ្ដាពួកមេដឹកនាំអឺរ៉ុប សំដៅលើប្រទេសស៊ីរី និងតំបន់មជ្ឈិមបូព៌ា តាមរយៈការគាំទ្រក្រុមភេរវករ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រជាជនស៊ីរី គឺជាមូលហេតុបង្កឱ្យមានវិបត្តិធំជាច្រើន ដូចដែលយើងបានឃើញសព្វថ្ងៃនេះ រួមមានទំាង វិបត្តិជនភៀសខ្លួននៅក្នុងប្រទេសទំាងនោះ (អឺរ៉ុប) ព្រមទំាងការកើនឡើងនៃសកម្មភាពភេរវកម្ម»។
គួរបញ្ជាក់ថាបើតាមលោក អាស្សាដ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន បានផ្សាយព័ត៌មានខុសពីការពិត ជុំវិញស្ថានភាពជាក់ស្ដែងនៅស៊ីរី ខណៈមេដឹកនាំ អឺរ៉ុបខ្លះកំពុងចាប់ផ្ដើមអស់ជំនឿចិត្តលើសារព័ត៌មានរបស់ខ្លួនឯង។ «ជាការពិតណាស់ មេដឹកនាំអឺរ៉ុប កំពុងបាត់បង់ជំនឿចិត្តលើប្រព័ន្ធផ្សាយខ្លួនឯង ជាក់ស្ដែងអ្នកតំណាងរាស្ត្រអឺរ៉ុបជាច្រើននាក់ តែងតែមកទស្សនកិច្ចនៅស៊ីរី ដើម្បីស្វែងយល់ពីស្ថានភាព និងបញ្ជូនព័ត៌មានទំាងនេះបន្តដល់ប្រជាជនរបស់ពួកគេ»។ នេះបើតាមសម្តីប្រធានាធិបតីស៊ីរី៕