(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងធ្វើការដាក់ពង្រាយយន្តហោះប្រយុទ្ធគ្មានមនុស្សជិះ ដែលមានឈ្មោះថា Grey Eagle ទៅក្នុងមូលដ្ឋានយោធានៃប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀតប្រឆាំងនឹងទីបញ្ជាការយោធាសំខាន់ៗនៅក្នុងទឹកដីកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាងត្រូវបានគេសង្ស័យថា អាចនឹងធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ដកស្រង់សម្តីពីមន្ត្រីយោធាមួយរូបចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំណើរការបញ្ជូនយន្តហោះគ្មានមនុស្សបើកខាងលើនេះ ដើម្បីឲ្យមកចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួន ហើយដែលពួកវានឹងត្រូវយកទៅទុកនៅមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ Gunsan ដែលមានចម្ងាយ ២៧៤គីឡូម៉ែត្រនៃភាគខាងត្បូងទីក្រុងសេអ៊ូល។ ដោយឡែកចំពោះប្រតិបត្តិការសមយុទ្ធនៃយន្តហោះខាងលើនេះ កំពុងតែស្ថិតនៅក្នុងការចរចាគ្នានៅឡើយរវាងយោធាកូរ៉េខាងត្បូង និងអាមេរិក។
គួរបញ្ជាក់ថាយន្តហោះដ្រូន Grey Eagle អាចមានលទ្ធភាពដឹកនាំគ្រាប់មីស៊ីលប្រភេទ AGM-114 Hellfire ដែលសម្រាប់បាញ់ចេញពីដែនអាកាសទៅលើដីចំនួនបួនគ្រាប់ និងគ្រាប់បែកកំណត់ទីតាំងប្រភេទ GPS-aided GBU-44/B ចំនួនបួនគ្រាប់ថែមទៀត។ Grey Eagle ក៏មានលទ្ធភាពបន្ថែមទៀតដែរនៅក្នុងការបំផ្លាញមូលដ្ឋានយោធាជួរមុខសំខាន់ៗរបស់ទីក្រុងព្យុងយ៉ាង ក្នុងនោះរួមមានទីបញ្ជាការរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន ផងដែរក្នុងករណីមានសង្គ្រាមផ្ទុះឡើង៕