(តេហេរ៉ង់)៖ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានចាប់ផ្តើមការផលិតរថក្រោះជំនាន់ថ្មីមានឈ្មោះថា «Karrat» នៅក្នុងលក្ខណៈទ្រង់ទ្រាយធំសម្បើម នៅឯពិធីរៀបចំដ៏ឱឡាឬកមួយ ដែលមានការចួលរួមជាអធិបតីភាពពីសំណាក់រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ផងដែរ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា វាមានការរចនាស្រដៀងគ្នាទៅនឹងរថក្រោះធុន T-90MS របស់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
នាឱកាសនោះរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Hossein Dehqan បានថ្លែងកោតសរសើរស្ញប់ស្ញែងចំពោះសព្វាវុធថ្មីនេះថា «រថក្រោះនេះអាចមានសមត្ថភាពធ្វើការប្រកួតប្រជែង ជាមួយរថក្រោះដែលទំនើបរបស់បណ្តាប្រទេសជុំវិញពិភពលោកបាន នៅក្នុងផ្នែកសំខាន់ៗចំនួនបីរួមមាន កម្លាំង ភាពច្បាស់លាស់ និងការចល័ត ព្រមទាំងកត្តាផ្សេងៗទៀតដូចជាការថែទាំ និងការស៊ូទ្រាំបានយូរនៅក្នុងសមរភូមិផងដែរ»។
គួរបញ្ជាក់ថារថក្រោះ Karrat ដែលត្រូវបានប្រកាសជាលើកដំបូង ដោយទីក្រុងតេហេរ៉ង់កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានអះអាងថា មានសមត្ថភាពដូចរថក្រោះប្រភេទ T-90 MBT របស់រុស្ស៊ីអ៊ីចឹង។ ម៉្យាងវិញទៀតសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅប៉ុន្មានខែក្រោយពីអ៊ីរ៉ង់បានផ្អាកកិច្ចចរចាជាមួយ ទីក្រុងម៉ូស្គូស្តីពីការទិញរថក្រោះពីប្រទេសរុស្ស៊ី ដោយទីក្រុងតេហេរ៉ង់បានលើកឡើងថា ខ្លួនពុំចាប់អារម្មណ៍លើកិច្ចព្រមព្រៀងនោះឡើយ លុះត្រាតែវាមានរួមបញ្ចូលទាំងការចែករំលែកបច្ចេកវិទ្យា។ ដោយឡែកនៅពេលដែលរូបភាពនៃរថក្រោះធុនថ្មី របស់អ៊ីរ៉ង់បានលេចឡើងជាសាធារណៈកាលពីខែសីហាឆ្នាំមុននេះ អ្នកជំនាញផ្នែកយោធាជាច្រើននាក់បាននិយាយថា ការរចនារបស់វាមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងរថក្រោះ T-90MS ដែលជារថក្រោះប្រភេទសម្រាប់នាំចេញរបស់រុស្ស៊ី៕