(ហៃទី)៖ រថយន្ដក្រុងមួយគ្រឿងដែលព្យាយាមរត់គេច បន្ទាប់ពីបានបុកអ្នកថ្មើរជើងពីរនាក់ បានជ្រុលចង្កូចបុករះហ្វូងមនុស្សជាច្រើននាក់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៨នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Gonaives។ នេះបើតាមក្រុមមន្ត្រីការពារជនស៊ីវិល ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា «ដំបូងឡើយរថយន្ដក្រុងខាងលើបានបុកអ្នកថ្មើរជើងពីរនាក់ ស្លាប់ម្នាក់ និងម្នាក់ទៀតរបួស។ ក៏ប៉ុន្តែរថយន្ដក្រុងនេះបានបើករត់គេច ហើយក៏ជ្រុលចង្កូចបុករះចូលទៅក្នុងចំណោមហ្វូងមនុស្ស ជាហេតុបង្កឱ្យមនុស្សអស់ ៣៤នាក់ ខណៈមនុស្ស០៤នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងមន្ទីរពេទ្យ រីឯអ្នករងបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Gonaives»។
គួរបញ្ជាក់ថាមូលហេតុនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ ពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយនោះទេ ក៏ប៉ុន្តែអ្នកបើកបររថយន្ដក្រុង និងអ្នកដំណើរកំពុងស្ថិតនៅក្រោមការសួរចម្លើយនៅឯទីស្នាក់ការប៉ូលិស៕