(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីជម្រៅរវាងយោធា-ស៊ីវិល និងការច្នៃបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីជាគន្លឹះនៃការធ្វើទំនើបកម្មវិស័យយោធាចិនឲ្យបានខ្លាំងក្លាបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់សមាជិកសភាជាតិ ពីកិច្ចប្រជុំមួយនៃកងទ័ពរំដោះប្រជាជនចិន (PLA) លោក ស៊ី ក្នុងនាមអគ្គលេខាធិការនៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ផងដែរនោះក៏បានលើកឡើងបន្ថែមទៀតថា «កិច្ចខិតខំប្រឹងប្រែងនានាគួរតែត្រូវធ្វើឡើង ដើម្បីផ្តល់នូវការគាំទ្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យកាន់តែអស្ចារ្យជាងមុនទៀត។ យើងត្រូវតែមានការយល់ដឹងពីអ្វីដែលចាំបាច់ ដើម្បីជម្រុញការបង្កើតសមិទ្ធផលថ្មីនៃវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដែលអស្ចារ្យជាងមុន»។
គួរបញ្ជាក់ថាចាប់តាំងពីកិច្ចប្រជុំលើកទី១៨ របស់សមាជជាតិ CPC កាលពីចុងឆ្នាំ២០១២ ប្រទេសចិនត្រូវបានគេមើលឃើញថា បានសម្រេចចេញនូវលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន ពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដែលជាជំនួយដ៏ធំធេងសម្រាប់ការបង្កើនឥទ្ធិពលនៃយោធា។ បន្ថែមពីនេះទៀតរដ្ឋាបាលពិបាលចិនក៏បានធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏កក្រើកផងដែរ ក្នុងនោះមន្ត្រីទាំងតូចទាំងធំក្នុងជួររដ្ឋាភិបាលត្រូវបានចាប់ខ្លួន យកទៅផ្តន្ទាទោសចាប់ពីការដាក់ពន្ធនាគាររាប់សិបឆ្នាំ រហូតដល់អស់មួយជីវិត និងថែមទាំងប្រហារជីវិតសម្រាប់ទោសធ្ងន់បំផុត៕