(អង់ការ៉ា)៖ តួកគី នឹងចាត់វិធានការតឹងរ៉ឹងបំផុតសងសឹង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលហូឡង់ ដែលហាមមិនឱ្យរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក Mevlut Cavusoglu បំពេញដំណើរទស្សនកិច្ចទៅកាន់ស្ថានកុងស៊ុលតួកគីក្នុងទីក្រុង Rotterdam កាលពីថ្ងៃសៅរ៍ ដើម្បីជួបជុំអ្នកគាំទ្រលោកអឺដូហ្កាន់ និយាយពីរឿងការបោះ ប្រជាមតិស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមនាយរដ្ឋមន្ត្រីតួកគី លោក Binali Yildirim ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។
លោក Binali Yildirim បានលើកឡើងដូច្នេះថា៖ «ស្ថានភាពបច្ចុប្បន្ន បានក្លាយជាកម្មវត្ថុមួយ នៃការតវ៉ាជំទាស់យ៉ាងខ្លំាងរបស់យើង ហើយយើងនឹងធ្វើការឆ្លើយតប វិញយ៉ាងតឹងរ៉ឹងបំផុត ទៅកាន់អាជ្ញាធរហូឡង់សម្រាប់អាកប្បកិរិយាមិនអាចទទួលយកបាននេះ»។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីតួកគី មិនបានបញ្ជាក់ លម្អិតឡើយ ពីវិធានការរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា ខណៈរដ្ឋមន្ត្រីគ្រួសារតួកគី លោកស្រី Fatma Betul Sayan Kaya ក៏ត្រូវបានរារំាងផងដែរមិនឱ្យចូលក្នុងស្ថាន កុងស៊ូលតួកគីក្នុងទីក្រុង Rotterdam ព្រមទំាងត្រូវបានបណ្ដេញចេញទៅកាន់តំបន់ព្រំដែនជាប់អាល្លឺម៉ង់វិញទៀតផង។ រីឯនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ក៏បានទទួលស្គាល់រួចហើយដែរនៅព្រឹកថ្ងៃអាទិត្យនេះ ចំពោះព័ត៌មាននៃការបណ្ដេញលោកស្រី Kaya។
គួរបញ្ជាក់ថា ភាពតានតឹងការទូតរវាងហូឡង់ និងតួកគី កើតឡើងនៅចំពេលដែល សហភាពអឺរ៉ុប និងទីក្រុងអង់ការ៉ា កំពុងមើលមុខគ្នាមិនចំ ដោយសារតែរឿងរដ្ឋ ប្រហារមិនបានសម្រេចនៅតួកគី ជាពិសេសនោះគឺគំរោងរៀបចំការបោះឆ្នោតប្រជាមតិ លើវិសោធនកម្មរដ្ឋធម្មនុញ្ញ សំដៅពង្រឹងអំណាចរបស់លោក អឺដូហ្កាន់ តែម្ដង ដែលអឺរ៉ុបយល់ថាគឺជាការគំរាមកំហែងមួយដល់លិទ្ធិប្រជាធិបតេយ្យ។