(ហូឡង់)៖ ប៉ូលិលប្រឆាំងបាតុកម្មរបស់ហូឡង់ បានប្រើប្រាស់កាណុងបាញ់ទឹក សត្វសេះ រួមទំាងសត្វឆ្កែ ដើម្បីបំបែកបាតុកម្មតវ៉ារបស់ក្រុម អ្នកគាំទ្រ ប្រធានាធិបតីតួកគី លោ​ក រីស៊ីប តាយយ៉ីបអឺដូហ្កាន់ (Recep Tayyip Erdoğan) នៅខាងមុខស្ថានកុងស៊ុលតួកគីប្រចំាទីក្រុង Rotterdam ខណៈអាជ្ញាធរហូឡង់ បានសម្រេចចិត្តបណ្ដេញរដ្ឋមន្ត្រីរបស់ប្រទេសតួកគីម្នាក់ ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។

មនុស្សច្រើនជាង១០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅខាងក្រៅអាគារស្ថានកុងស៊ុល បន្ទាប់ពីពួកគេទទួលបានដំណឹងថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu ត្រូវបានរដ្ឋាភិបាលហូឡង់ ហាមមិនឱ្យបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុង Rotterdam។ ក៏ប៉ុន្តែយោងតាមអាជ្ញាធរហូឡង់ អ្នកតវ៉ាទំាងនេះបានចោលដបទៅលើប៉ូលិស និងវាយរថយន្ដប៉ូលិស ជាហេតុធ្វើឱ្យពួកគេបង្ខំចិត្ត បំបែកការក្បួនតវ៉ា ដោយប្រើកំលំាងបាយ។

បន្ថែមពីលើនេះ ពួកគេបានសម្រេចចិត្ត រារាំងមិនឱ្យរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគ្រួសាររបស់តួកគី គឺលោកស្រី Fatma Betul Sayan Kaya ដែលបានធ្វើដំណើរតាមរថយន្ដពីប្រទេសអាល្លឺម៉ង៉ ចូលក្នុងស្ថានកុងស៊ុលតួកគី ក្នុងទីក្រុង Rotterdam ហើយថែមទាំងបាននាំលោកស្រី ទៅកាន់តំបន់ព្រំដែនជាប់អាល្លឺម៉ង់វិញទៀតផង។ រីឯនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ក៏បានទទួលស្គាល់រួច ហើយដែរនៅព្រឹកថ្ងៃអាទិត្យនេះ ចំពោះព័ត៌មាននៃការបណ្ដេញលោកស្រី Kaya។

សូមជំរាបថា ភាពតានតឹងរវាងហូឡង់ និងតួកគី បានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ នៅបន្ទាប់ពីរដ្ឋាភិបាលហូឡង់ បានបញ្ជាឲ្យរារាំងយន្តហោះដឹក រដ្ឋមន្ត្រីការបរទេសតួកគី មិនឲ្យធ្វើការចុះចត ដោយបានលើកយកហេតុផលថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី នឹងបង្កជាការគំរាមកំហែង ខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈរបស់ហូឡង់។ លោក Cavusoglu មានបំណងធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលតួក គីប្រចំាទីក្រុង Rotterdam ដើម្បីចូលរួមនៅក្នុងយុទ្ធនាការស្វែងរកការគាំទ្រជាមួយក្រុមអ្នកគាំទ្រ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ពាក់ព័ន្ធនឹងការបោះឆ្នោត ប្រជាមតិស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងសំដៅពង្រឹង អំណាចលោកអឺដូហ្កាន់៕