(អង់ការ៉ា)៖ បន្ទាប់ពីម៉ាឡេស៊ី និងកូរ៉េខាងជើង ឥលូវទំនងជាដល់វេនហូឡង់ និងតួកគីវិញម្ដង ដែលចាប់ផ្ដើមមានជម្លោះការទូតនឹងគ្នា ដែលអាចនឹងឈានដល់ការ បណ្ដេញអគ្គរដ្ឋទូតរៀងខ្លួន? ជាក់ស្ដែងបន្ទាប់ពី ត្រូវបានហាមមិនឱ្យចូលក្នុងទីក្រុង Rotterdam រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu បានចាត់ទុក ថាអគ្គរដ្ឋទូតហូឡង់ប្រចាំទីក្រុងអង់ការ៉ា មិនគួរត្រឡប់មកបំពេញតួនាទីវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ អាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។
លោក Cavusoglu បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកទទួលបន្ទុកកិច្ចហូឡង់ នៅតួកគី ត្រូវបានកោះហៅឱ្យមកបំភ្លឺនៅក្រសួងការបរទេស ហើយយើងបានសម្ដែងការតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចិត្តរបស់រដ្ឋាភិបាលហូឡង់។ មិនតែប៉ុណ្ណោះ យើងក៏បានប្រកាសផងដែរថា យើងមិនចង់ឱ្យអគ្គរដ្ឋទូតហូឡង់ប្រចាំទីក្រុងអង់ការ៉ាដែល បច្ចុប្បន្នកំពុងសម្រាកវិសម្សកាល នៅក្រៅប្រទេសតួកគី ត្រឡប់មកបំពេញតួនាទីរបស់ខ្លួនវិញ នៅពេលអនាគត់ដ៏ខ្លីខាងមុខនេះ នោះឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក Cavusoglu មានបំណងធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលតួកគី ប្រចំាទីក្រុង Rotterdam ដើម្បីថ្លែងសុន្ទរកថាក៏ដូចជាចូលរួមក្នុង យុទ្ធនាការស្វែងរកការគាំទ្រជាមួយក្រុមអ្នកគាំទ្រប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិស្ដីពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៅខែមេសាដែលនឹង ពង្រីកកាន់តែធំនៃអំណាច លោក អឺដូហ្កាន់។ ក៏ប៉ុន្តែតាម បើប្រភពព័ត៌មានអឺរ៉ុបជាច្រើន នៅថ្ងៃដដែលនោះដែរ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានបញ្ជាឲ្យរារាំង យន្តហោះដឹករដ្ឋមន្ត្រីការបរទេស តួកគីមិនឲ្យធ្វើការចុះចតបានឡើយ ដោយបានលើកយក ហេតុផលថាដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី នឹងបង្កជាការគំរាមកំហែង ខ្លាំងដល់សណ្តាប់ធ្នាប់ សាធារណៈ របស់ ហូឡង់៕