(ហូឡង់)៖ ប៉ូលិសប្រឆាំងកុបកម្ម បានសម្រេចចិត្តបំបែកក្បួនបាតុកម្មតវ៉ា របស់អ្នកគាំទ្រប្រធានាធិបតីតួកគី លោក រីស៊ីប តាយយ៉ីបអឺដូហ្កាន់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលហូឡង់ ហាមមិនឱ្យរដ្ឋមន្ត្រីការបរទេសតួកគីលោក Cavusoglu ធ្វើដំណើរចូលមកកាន់ស្ថានកុងស៊ុលតួកគី ក្នុងទីក្រុង Rotterdam។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧។
ភាពតានតឹងផ្នែកការទូត រវាងហូឡង់ និងតួកគី បានកើតឡើងនៅចំពេលដែលអឺរ៉ុប និងទីក្រុងអង់ការ៉ា កំពុងមើលមុខគ្នាមិនចំស្រាប់ ដោយសារតែរឿងរដ្ឋប្រហារមិន បានសម្រេចនៅតួកគី និងការបោះឆ្នោតប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅខែមេសាខាងមុខនេះ ដែលនឹងជួយពង្រឹងអំណាចលោកអឺដូហ្កាន់។
ដោយឡែកនៅ ក្នុងក្បួនតវ៉ានោះដែរ ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើង នៅខាងមុខស្ថានកុងស៊ុលតួកគី ក្នុងទីក្រុង Rotterdam បន្ទាប់ពីក្រុមអ្នកតវ៉ាទទួលដំណឹងថា លោក Mevlut Cavusoglu ត្រូវបានអាជ្ញាធរហូឡង់ រារាំងមិនឱ្យថ្លែងសុន្ទរកថា នៅក្នុងទីក្រុង Rotterdam។
យោងតាមអាជ្ញាធរហូឡង់ ការប៉ះទង្គិតគ្នា បានកើតឡើងនៅ ក្រោយពេល ក្រុមអ្នកតវ៉ា បានគប់ដបទៅលើប៉ូលិស និងវាយរថយន្ដរបស់ប៉ូលិស ជាហេតុធ្វើឱ្យអាជ្ញាធរបង្ខំចិត្តបំបែកក្បួនតវ៉ា ដោយប្រើប្រាស់សត្វឆ្កែ និងកាណុង បាញ់ទឹកខណៈក្រុមអ្នកតវ៉ាមួយចំនួនត្រូវបានប៉ូលិសវាយនឹងដំបង។ ក៏ប៉ុន្តែ ភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬចាប់ ខ្លួននៅឡើយទេ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ព័ត៌មាននាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានបញ្ជាឲ្យរារាំងយន្តហោះដឹករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី មិនឲ្យធ្វើការចុះចតបានឡើយ ដោយបានលើកយកហេតុផលថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី នឹងបង្កជាការគំរាមកំហែងខ្លាំង ដល់សណ្តាប់ធ្នាប់សាធារណៈរបស់ហូឡង់៕