(ប៉េកាំង)៖ នៅក្នុងស្ថានការណ៍វិវឌ្ឍន៍ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដំឡើងប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ (THAAD) នៅប្រទេសកូរ៉េខាងត្បូង សារព័ត៌មានរដ្ឋចិន Global Times បានចេញមុខតវ៉ាថា រដ្ឋាភិបាលទីក្រុងប៉េកាំងពុំមានជម្រើសអ្វីច្រើននោះឡើយ ក្រៅពីការឆ្លើយតបទៅវិញតាមរយៈការបង្កើនកម្លាំងអនុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Global Times រដ្ឋាភិបាលចិនបានចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើទីក្រុងសេអ៊ូលជាបណ្តើរហើយ ហើយការបំពាក់ប្រព័ន្ធខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិកត្រូវបានចាត់ទុកថា ជាញុះញង់យ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំង ដែលឈានដល់ការប្រើចំណាត់ការវាយបកតបតទៅវិញដោយជៀសមិនផុតឡើយ។
កាសែតខាងលើបានលើកឡើងដូច្នេះថា «ដើម្បីស្តារតុល្យភាពយុទ្ធសាស្រ្តនៅតំបន់អាស៊ីឡើងវិញ ដូចកាលពីពេលមិនទាន់មានប្រព័ន្ធ THAAD គឺមានមធ្យោបាយតែមួយគត់តាមរយៈការទប់ទល់វា ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរព្រមទាំងមីស៊ីលដែលទំនើបៗជាងមុន»។ ជុំវិញបញ្ហាដ៏ចម្រូងចម្រាសនេះ ទីក្រុងប៉េកាំងនិងទីក្រុងព្យុងយ៉ាងបានចាត់ទុកប្រព័ន្ធ THAAD ថាជាការគំរាមកំហែងមួយចំពោះសន្តិសុខជាតិនៃប្រទេសទាំងពីរ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល បានបន្តធានាអះអាងថា ប្រព័ន្ធខែលការពារមីស៊ីលនេះមានគោលដៅតែមួយគត់គឺសម្រាប់ការពារខ្លួន។
គួរបញ្ជាក់ថា យោងតាមសារព័ត៌មាន Global Times រដ្ឋាភិបាលប៉េកាំងគួរតែបញ្ជាក់ឲ្យបានច្បាស់ ជាមួយទីក្រុងប៉េកាំងថា ការដាក់ពង្រាយប្រព័ន្ធ THAAD នឹងឈានទៅរកការបង្កើនឥទ្ធិពល នៃអាវុធនុយក្លេអ៊ែររបស់ចិន ហើយទោះបីជាទំនាក់ទំនងចិន-អាមេរិក ទំនងជាកំពុងវិលត្រឡប់ទៅរកស្ថានភាពនឹងនរឡើយវិញយ៉ាងណាក្តី ក៏ល្បែងនុយក្លេអ៊ែររវាងមហាយក្សចិននឹងនៅតែបន្តទៅមុខទៀតក្នុងរយៈពេលយ៉ាងយូរ៕