(អង់ការ៉ា)៖ ប្រធានាធិបតីតួកគលោក Tayyip Erdogan បានចាត់ទុកជនជាតិហូឡង់ទាំងអស់ថាជា «ពួកសាហាវផ្តាច់ការ និងជាពួក Nazi អាល្លឺម៉ង់ចាប់ជាតិ (អាល្លឺម៉ង់កាលពីសម័យមេដឹកនាំផ្តាច់ការ Adolf Hitler) » បន្ទាប់ពីរដ្ឋាភិបាលហូឡង់បានដកការអនុញ្ញាត លែងឲ្យយន្តហោះដឹករដ្ឋមន្រ្តីការបរទេសរបស់លោក ធ្វើការចុះចតនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាយប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរទីក្រុង Rotterdam នៃប្រទេសហូឡង់ បានដកចេញនូវការអនុញ្ញាតសម្រាប់ឲ្យរដ្ឋមន្រ្តីការបរទេសតួកគី ធ្វើការចូលរួមពិធីជួបជុំគ្នាមួយដែលគ្រោងធ្វើឡើង ដើម្បីប្រមែប្រមូលសំឡេងគាំទ្រដល់គំរោងរបស់លោក Erdogan ពាក់ព័ន្ធនឹងការពង្រីកអំណាចនៃប្រធានាធិបតី ដែលត្រូវបានកំណត់កាលបរិច្ឆេទថា នឹងដាក់ឲ្យសម្រេចនៅក្នុងការបោះឆ្នោតប្រជាមតិមួយនាខែក្រោយនេះ។ ដោយឡែកបណ្តាទីក្រុងនៃប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀត ក៏បានចេញបំរាមហាមឃាត់ការប្រមូលផ្តុំគ្នាបែបនេះ ដែលគ្រោងនឹងមានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលតួកគីផងដែរ។
គួរបញ្ជាក់ថាយោងតាមសេចក្តីរាយការណ៍ព័ត៌មាននាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានបញ្ជាឲ្យរារាំងយន្តហោះដឹករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី មិនឲ្យធ្វើការចុះចតបានឡើយ ដោយបានលើកយកហេតុផលថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី នឹងបង្កជាការគំរាមកំហែងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈរបស់ហូឡង់៕