(ហូឡង់)៖ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧នេះ បានរារាំងយន្តហោះដឹករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគី មិនឲ្យធ្វើការចុះចត ដោយបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី នឹងបង្កជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈរបស់ហូឡង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច។
គួរបញ្ជាក់ថា ទង្វើនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu បានថ្លែងថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Rotterdam នៃប្រទេសហូឡង់ ដោយមិនខ្វល់ពីការដាក់បំរាមហាមមិនឲ្យរូបលោកថ្លែងសារនៅក្នុងការជួបជុំមួយនៅទីនោះឡើយ។ ជុំវិញបញ្ហានេះលោក Rutte បានថ្លែងក្នុងសេចក្តីថ្លែងការណ៍លើទំព័រហេ្វសប៊ុកផ្លូវការរបស់លោកថា រដ្ឋាភិបាលតួកគេបានធ្វើ ឲ្យប៉ះពាល់ ដល់កិច្ចពិភាក្សា ដែលតាមពិតត្រូវអនុញ្ញាតឲ្យលោក Cavusoglu ចូលមកកាន់ហូឡង់បានយ៉ាងស្រួល ដោយសារតែការអំពាវនាវឲ្យមានការប្រមូលផ្តុំគ្នាជាសាធារណៈទ្រង់ទ្រាយធំមួយ៕
រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu