(ហៃណាន)៖ ទីបំផុតគ្រាប់រ៉ុក្កែត Long March-7 Y2 ដែលចិនផលិតដោយខ្លួនឯងនោះ បានមកដល់មជ្ឈមណ្ឌលបាញ់បង្ហោះ ស្ថិតនៅក្នុងទីក្រុងវិនឆាង នៃខេត្តហៃណាន ភាគខាងត្បូងប្រទេសចិនហើយ ដើម្បីត្រៀមបាញ់បង្ហោះដឹកនាំយានផ្ទុកទំនិញរបស់ចិន ទៅកាន់ទីអវកាសជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
ប្រទេសចិននឹងធ្វើការបាញ់បង្ហោះនៅអំឡុងខែមេសាខាងមុខនេះ នូវយានដឹកទំនិញ Tianzhou-1 ដែលនឹងដឹកនាំដោយគ្រាប់រ៉ុក្កែតផលិតដោយខ្លួនឯង មិនធ្លាប់មាននោះឡើយ។ Tianzhou-1 នឹងត្រូវយកទៅតភ្ជាប់ជាមួយនឹងយាន Tiangong-2 ដែលកំពុងតែគោចរជុំវិញផងដែរស្រាប់ ហើយវានឹងគោចរជុំវិញផែនដីបីជុំ និងធ្វើការចាក់ឥន្ធនៈ និងផ្ទេរទំនិញទៅដល់ Tiangong-2 រួចក៏ធ្លាក់មកផែនដីវិញ។
គួរបញ្ជាក់ថាគ្រាប់រ៉ុក្កែត Long March-7 Y2 គឺជាគ្រាប់ធុនមធ្យមមួយ ដែលអាចដឹកនាំទម្ងន់បាន ១៣.៥តោន ទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដី ហើយវាអាចមានលទ្ធភាពដឹកយានផ្ទុកទំនិញ និងផ្កាយរណបនានាទៅកាន់ទីអវកាស។ វាត្រូវបានយកទៅធ្វើការសាកល្បងជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០១៦។ ប្រទេសចិនបានប្តេជ្ញាថា នឹងកសាងស្ថានីយ៍អវកាសដោយខ្លួនឯងនៅឆ្នាំ២០២០៕