(រីយ៉ាដ)៖ ជនស៊ីវិលយ៉ាងតិច ២២នាក់បានស្លាប់ និងមួយចំនួនទៀតទទួលរងរបួសជាទម្ងន់ នៅពេលដែលកងកម្លាំងចម្រុះ ដឹកនាំដោយព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើផ្សារមួយកន្លែង ស្ថិតនៅភាគខាងលិចប្រទេសយេម៉ែន ដែលបានបង្កជាអគ្គីភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
គ្រាប់ជាមីស៊ីលជាច្រើនគ្រាប់បាញ់ចេញពីកងយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តអារ៉ាប់ បានវាយប្រហារចំលើផ្សារលក់បន្លែមួយកន្លែងនៅក្នុងទីក្រុង Khoukha នៃប្រទេសយេម៉ែន។ យោងតាមអភិបាលនៅតំបន់កើតហេតុ លោក Hashim Azazi ជនរងគ្រោះដែលបានស្លាប់គឺជាជាប្រជាជនស៊ីវិលស្លូតត្រង់ទាំងអស់ ដោយពុំមាននរណាម្នាក់ស្ថិតក្នុងក្រុមប្រដាប់អាវុធនោះឡើយ ខណៈនៅពេលនេះអ្នកណាំពាក្យរបស់កងកម្លាំងចម្រុះខាងលើ ពុំទាន់ត្រូវអាចទាក់ទងបាន ដើម្បីផ្តល់ការអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។
គួរបញ្ជាក់ថាទីក្រុង Khoukha និងទីក្រុង Hodeidah ដែលនៅក្បែរគ្នានោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ Houthi ដែលកាលពីឆ្នាំ២០១៤ បានដណ្តើមកាន់រដ្ឋាធានី Sanaa របស់យេម៉ែន ហើយបានបង្ខំឲ្យរដ្ឋាភិបាលលោកប្រធានាធិបតី Abd-Rabbu Masour Hadi ដែលគាំទ្រដោយរាជាណាចក្រ អារ៉ាប៊ី សាអូឌីត រត់ភៀសខ្លួន៕